ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាព និងសួរសុខទុក្ខ សំណេះសំណាលថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បុគ្គលិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នាថ្ងៃ១៧ តុលា លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានរំលឹកថា មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែកនិងកាមរោគ បានដើរតួសំខាន់ក្នុងវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា ទាំងកម្រិតជាតិ និងអន្តរជាតិ ដែលក្នុងឆ្នាំ ២០២៣ ករណីឆ្លងថ្មីនៃមេរោគអេដស៍ មានប្រមាណជា ៣ ទៅ ៤ នាក់ក្នុង១ថ្ងៃ។

លោកសាស្ត្រាចារ្យ ជម្រុញលើកទឹកចិត្ត ឱ្យមជ្ឈមណ្ឌលជាតិ ពង្រឹងកិច្ចសហប្រតិការជាមួយដៃគូអភិវឌ្ឍ ដើម្បីជម្រុញការបង្ការទប់ស្កាត់ ការឆ្លងថ្មីនៃមេរោគបន្ថែមទៀត ចៀសវាងនូវការការឆ្លងរាលដាលខ្លាំង នឹងនាំមកនូវផលវិបាកធ្ងន់ធ្ងរដល់សង្គម ដូចជា បញ្ហាមរណៈភាព បន្សល់នូវក្មេងកំព្រា ឆ្លងទៅជំនាន់ក្រោយៗ ដែលជាបញ្ហាគម្រាមកំហែងដល់សុខភាព សាធារណៈនៅកម្ពុជា។

នាឱកាសនោះសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានចុះពិនិត្យការផ្តល់សេវាផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ក្នុងការឈ្វេងយល់ពីការប្រើប្រាស់ម៉ាស៊ីន ធ្វើតេស្តមេរោគអេដស៍ក្នុងឈាម (រាប់ចំនួនមេរោគ) រយៈពេលនៃការធ្វើការតេស្ត និងបច្ចេកទេសប្រើប្រាស់។

សាស្រ្តាចារ្យរដ្ឋន្រ្តី បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលសេវានៅគ្លីនិក នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្នុងបំណងឈ្វេងយល់ការបម្រើសេវារបស់មន្រ្តីសុខាភិបាល ទាំងទទួលបដិសណ្ឋាកិច្ច បច្ចេកទេស ព្យាបាល និងក្រមសីលធម៌វិជ្ជាជីវៈ។ លោកក៏បានណែនាំដល់ប្រជាពលរដ្ឋដែលមកទទួលសេវា ដោយត្រូវថែទាំសុខភាពរបស់ខ្លួនឱ្យបានល្អ ទាំងសុខភាពផ្លូវកាយ និងជាពិសេសសុខភាពផ្លូវចិត្ត ព្រមទាំងអញ្ជើញមកជួប ឬពិគ្រោះទៀងទាត់ជាមួយ ក្រុមគ្រូពេទ្យតាមពេលវេលាកំណត់។

ក្នុងនោះដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីការអនុវត្តការងារប្រចាំថ្ងៃ ឱ្យមានប្រសិទ្ធភាពបន្ថែមទៀតដូចជា ត្រូវបេ្តជ្ញាចិត្តក្នុងការកាត់បន្ថយ អត្រានៃការឆ្លងជំងឺអេដស៍ ។ លើកទឹកចិត្តក្នុងការផ្តល់ការបម្រើសេវាជូន ប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកបដោយការយកចិត្តទុកដាក់ ។ ត្រៀមលក្ខណៈបង្កើនការផ្សព្វផ្សាយ និងរំលេចសកម្មភាពថ្មីៗ អំពីការអប់រំសុខភាពពីជំងឺអេដស៍ ក្នុងពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ ។ ផ្សារភ្ជាប់យុទ្ធសាស្រ្តជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ។ ត្រូវប្រែក្លាយការណែនាំ ទៅជាសកម្មភាព៕







