ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ស៊ិនឡៈវង្ស ឃុតផៃធូន ប្រធានរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងជាសមាជិកការិយាល័យនយោបាយ មជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ បានសរសើរសម្ដេចធិបតី ជានាយករដ្ឋមន្ត្រី វ័យក្មេង សកម្ម និងជាបញ្ញវន្ត។
ក្នុងជំនួបនេះ លោកស៊ិនឡៈវង្ស ឃុតផៃធូន បានអបអរសាទរចំពោះការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងកោតសរសើរចំពោះភាពជា អ្នកដឹកនាំរបស់សម្ដេចបវរធិបតី ដែលជានាយករដ្ឋមន្ត្រីវ័យក្មេង សកម្ម និងជាបញ្ញវន្ត។

លោក មានជំនឿយ៉ាងមុតមាំថា សម្ដេចបវរធិបតី នឹងបន្តដឹកនាំ និងអភិវឌ្ឍកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។ ទន្ទឹមនឹងនេះ លោក ស៊ិនឡៈវង្ស ឃុតផៃធូន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ លោក ស៉ិនឡៈវង្ស ឃុតផៃធូន បានជម្រាបជូន សម្តេចបវរធិបតី អំពីវឌ្ឍនភាព និងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ និងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អប្រសើរ និងជាប្រពៃណីរវាងកម្ពុជា និងឡាវ ព្រមទាំងការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ រវាងរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ដែលនេះក៏ជាការចូលរួមចំណែកនៅក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។

សម្ដេចបវរធិបតី និងឯកឧត្តម ស៊ិនឡៈវង្ស ឃុតផៃធូន បានផ្លាស់ប្ដូរយោបល់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរលើវិស័យសំខាន់ៗ ដែលរួមមានជាអាទិ៍៖ វិស័យថាមពល, ពាណិជ្ជកម្ម, ទេសចរណ៍, ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ សំដៅជំរុញកំណើនសេដ្ឋកិច្ចប្រទេសទាំងពីរ ក៏ដូចជាវិស័យសន្តិសុខ និងការពារជាតិ ផងដែរ៕
