ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្ដល់ពូជស្រូវជិត ២ពាន់តោន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ នៅស្រុកកំពង់ស្វាយ

កំពង់ធំ៖ ដើម្បីឆ្លើយតប និងដោះស្រាយបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះជំនន់ទឹកភ្លៀង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមចែកពូជស្រូវចំនួន១.៨៥៦តោន ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅស្រុកកំពង់ស្វាយ ដែលមកពីបណ្តា ក្រុងស្រុកទាំង៨ ក្នុងខេត្តកំពង់ធំ ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រក។

ថ្លែងក្នុងពិធីនោះដែរ លោក នួន ផារ័ត្ន បានធ្វើរបាយការណ៍សង្ខេបអំពីស្ថានភាពភូមិសាស្ត្រនៅក្នុងខេត្តកំពង់ធំ ព្រមទាំងមានប្រសាសន៍បន្ថែមទៀតថា ឆ្នាំនេះ ភ្លៀងបានចាប់ផ្តើមធ្លាក់តាំងពីចុងខែកក្កដា បានធ្វើឲ្យខេត្តកំពង់ធំ ទទួលរងនូវគ្រោះជំនន់ទឹកភ្លៀង បានប៉ះពាល់ចំនួន ០៨ក្រុង ស្រុក ៣៦ឃុំសង្កាត់ ១៨០ភូមិ ស្មើនឹងប្រជាពលរដ្ឋជាង ៥ពាន់គ្រួសារ ប៉ះពាល់ដំណាំស្រូវជិត ៨ពាន់ហិកតា ខូចខាតជាង ៥ពាន់ហិកតា និងប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត ។ លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំ បានត្រៀមប្រចាំការ និងចុះពិនិត្យមើលទីតាំងដែលកំពុងតែ ប្រឈមនឹងគ្រោះទឹកជំនន់ជាប្រចាំ ព្រមទាំងបានធ្វើការផ្សព្វផ្សាយដល់សាធារណៈជន និងប្រជាពលរដ្ឋនៅ ទូទាំងខេត្តកំពង់ធំ តាមរយៈការប្រើប្រាស់ប្រព័ន្ធប្រកាសឲ្យដឹងមុន១២៩៤ ដើម្បីឲ្យប្រជាជនមាន ការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈទុកជាមុន។

នៅក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា បានពាំនាំនូវការសូរសុខទុក្ខ និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្ដ្រី ជូនដល់បងប្អូនប្រជាកសិករដែលរងផលប៉ះពាល់ដល់ជំនន់ទឹកភ្លៀង។

លោក រដ្ឋមន្ត្រី គូសបញ្ជាក់ថា ជាក់ស្ដែងការផ្ដល់ពូជស្រូវ ជូនបងប្អូនប្រជាកសិករនាពេលនេះ គឺដោយការមើលឃើញពីទុក្ខលំបាក របស់បងប្អូនប្រជាកសិករ ដែលទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ជំនន់ទឹកភ្លៀង ប៉ះពាល់ដល់ដំណាំស្រូវ របស់បងប្អូន ចំពោះគ្រួសារដែលត្រូវបានជ្រើសរើស ដោយឆ្លងកាត់តាមការសម្របសម្រួល ពីអាជ្ញាធរមូលដ្ឋាន និងមានដំណោះស្រាយជាបន្ទាន់ សម្រាប់ផ្ដល់ជូនពូជស្រូវដល់គ្រួសារ ដែលមានដីស្រែអាទិភាពអាចស្ដារឡើងវិញបាន ដោយជំរុញការដាំដុះនេះឡើងវិញក្រោយទឹកស្រក ដែលនេះបង្ហាញពីការយល់ចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ។

លោក ឌិត ទីណា បានណែនាំដល់ លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏ដូចជាមន្ត្រីជំនាញរបស់មន្ទីរ ត្រូវផ្តល់ការប្រឹក្សាយោបល់ដល់ប្រជាកសិករ ដើម្បីណែនាំបច្ចេកទេស ផលិតកម្ម ស្ដារដំណាំស្រូវឡើងវិញ ចៀសវាងការខូចខាតជាថ្មីទៀត៕ដោយសំនៀង

To Top