ព័ត៌មានជាតិ

អាមេរិក ប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយ បញ្ហាគ្រាប់បែកចង្កោម

ភ្នំពេញ៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានលើកឡើងថា សហរដ្ឋអាមេរិកប្តេជ្ញារក្សាកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម។

ការលើកឡើងរបស់ទេសរដ្ឋមន្ត្រី លី ធុជ ធ្វើឡើងក្នុងជំនួបទ្វេភាគីជាមួយ លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស ទទួលបន្ទុកការិយាល័យកិច្ចការនយោបាយ-យោធា នៃក្រសួងការបរទេសសហរដ្ឋអាមេរិក នៅទីក្រុងឡូសាន ប្រទេសស្វីស កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ ។

តាងនាមរាជរដ្ឋាភិបាលកម្ពុជាលោកទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះ ចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងសហរដ្ឋអាមេរិក និងបានទទួលស្គាល់ចំពោះការគាំទ្រ របស់សហរដ្ឋអាមេរិកសម្រាប់វិស័យសកម្មភាពមីន ដែលបានរួមចំណែកដល់កិច្ចសង្រ្គោះ អាយុជីវិតប្រជាជននៅតាមមូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកនេះ។

តាងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី លោកក៏បានស្នើសុំការពង្រឹងជំនួយ ដោយផ្ទាល់រវាងប្រទេសទាំងពីរ សម្រាប់វិស័យសកម្មភាពមីន ព្រមទាំងបានស្នើសុំឱ្យសហរដ្ឋអាមេរិក បង្កើនការគាំទ្រសម្រាប់ការបោសសម្អាត គ្រាប់បែកចង្កោម។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា បណ្ឌិត លី ធុជ បានបញ្ជាក់ពីការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការជំរុញឱ្យសម្រេចបាន នូវគោលដៅរបស់អនុសញ្ញា និងបានថ្លែងអំណរគុណចំពោះការគាំទ្រ របស់សហរដ្ឋអាមេរិកលើការអនុវត្តអនុសញ្ញាអូតាវ៉ា អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក Stanley L. Brown ឧបការីស្តីទីរដ្ឋមន្រ្តីការបរទេស បានបញ្ជាក់ឡើងវិញនូវចំណងមិត្តភាពដ៏រឹងមាំ និងយូរអង្វែងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងបានកោតសរសើរកម្ពុជា ក្នុងភាពជាអ្នកដឹកនាំ និងជំនាញសម្រាប់វិស័យសកម្មភាពមីន។

ជាមួយគ្នានោះ លោក Stanley L. Brown បានកោតសរសើរ និងទទួលស្គាល់ចំពោះការដឹកនាំ និងរួមចំណែករបស់កម្ពុជា ដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ហើយសហរដ្ឋអាមេរិកប្តេជ្ញារក្សា កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងគាំទ្រក្នុងការដោះស្រាយបញ្ហាគ្រាប់បែកចង្កោម ផងដែរ ៕

To Top