ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃ១៨ តុលា បានទទួលជួបជាមួយលោក Pisit Wannavithayapa នាយកប្រតិបត្តិក្រុមហ៊ុន PCL Holding Company Limited ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាលរវាងកម្ពុជា និងថៃ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-31-1024x795.jpg)
សាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមហ៊ុន PCL Holding Company Limited ដែលបានគាំទ្រមន្ទីរពេទ្យកាល់ម៉ែត ជាពិសេសលើផ្នែកប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ដែលអាចជួយសម្រួលបន្ទុកការងារ និងពន្លឿនលទ្ធផលមន្ទីរពិសោធន៍ បានយ៉ាងជោគជ័យនាពេលកន្លងមក។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-36-1024x691.jpg)
ចំណែកលោក Pisit Wannavithayapa បានជម្រាបសាស្ត្រាចារ្យ រដ្ឋមន្ត្រីថា ក្រុមហ៊ុន PCL Holding Company Limited រីករាយដែលមានឱកាសចូលរួម ជាមួយក្រសួងសុខាភិបាល ក្នុងការគាំទ្រធ្វើបរិវត្តកម្មឌីជីថលផ្នែកសុខភាព ដែលអាចជួយលើកកម្ពស់សមត្ថភាព និងគុណភាពមន្ទីរពិសោធន៍ ព្រមទាំងអាចពន្លឿនពេលវេលាទទួលលទ្ធផលបានយ៉ាងរហ័ស សម្រួលដល់ការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺ បានទាន់ពេលវេលា។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-40-1024x765.jpg)
អង្គប្រជុំបានពិនិត្យ និងពិភាក្សា អំពីលទ្ធភាពពង្រីក ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងមន្ទីរពិសោធន៍ (Laboratory Information System) ទៅកាន់មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យតំបន់បន្ថែមទៀត ព្រមទាំងពិភាក្សាលើគម្រោងកិច្ចសហប្រតិបត្តិការលើគម្រោងមួយចំនួនដូចជា ៖ Prenatal Screening Solution (Genetic disorder) ស្វែងរកជំងឺ Down Syndroms តាំងពីទារកនៅក្នុងផ្ទៃ Thalassemia screening IEM: Inborn errormetabolism screening ដើម្បីកំណត់ភាពមិនប្រក្រតី នៃការផលិត enzyme ដែលបណ្តាលមកពី ការបម្រែបម្រួលហ្សែន។ ការធ្វើ screening នេះអាចជួយកាត់បន្ថយអត្រា មរណភាពកុមារ ដោយយើងអាចរកមូលហេតុឃើញ ទាន់ពេលវេលា និងព្យាបាលបានទាន់ពេលវេលា។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-43-1024x750.jpg)
ការស្រាវជ្រាវរកមេរោគ HPV ដែលអាចបង្កជំងឺមហារីមាត់ស្បូន គម្រោងស្រាវជ្រាវ Sepsis solution តាមរយៈការពង្រីកសមត្ថភាពរបស់ម៉ាស៊ីន Hemogram អាចសម្គាល់បានជាមុនថាតើអ្នកជំងឺណាដែលអាចមានការវិវឌ្ឍទៅជា ការបង្ករោគធ្ងន់ធ្ងរ (Severe Sepsis) បាន។ គម្រោងនេះ អាចកាត់បន្ថយអត្រាស្លាប់ និងរយៈពេលសម្រាកពេទ្យបានច្រើន។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-47-1024x720.jpg)
សាស្ត្រចារ្យរដ្ឋមន្ត្រី បានគាំទ្រ ជាគោលការណ៍ និងលើកទឹកចិត្តក្រុមហ៊ុនពិភាក្សា លម្អិតជាលក្ខណៈបច្ចេកទេស ជាមួយអង្គភាពជំនាញ នៃក្រសួងសុខាភិបាល និង ជាមួយមន្ទីរពេទ្យគោលដៅ ដើម្បីឱ្យកិច្ចសហប្រតិបត្តិការ អនុវត្តគម្រោងប្រព្រឹត្តទៅដោយរលូន ស្របតាមតម្រូវការជាក់ស្តែង របស់មន្ទីរពេទ្យនីមួយៗ ស្របតាមផែនការ អាទិភាពវិស័យសុខាភិបាល ៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-51-1024x813.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-55-1024x642.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-49-59-1024x633.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-50-04-1024x676.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-50-08-1024x837.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-19_15-50-11-1024x655.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)