ខេត្តកំពត ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស កាលពីពេលថ្មីៗនេះ បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ស្តារឡើងវិញ នៃដើមកោងកាង ដោយបានដាំកូនដើម កោងកាង ចំនួន ២០២៤ ដើមក្នុងសហគមន៍ នេសាទត្រពាំងរពៅ ក្នុងខេត្តកំពត។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយ នៃកម្មវិធីដាំកូនឈើ យូរអង្វែង របស់ក្រុមហ៊ុនណាហ្គាវើលដ៍ ដែលមានគោលបំណង ស្តារឡើងវិញ នូវប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ប្រទេសកម្ពុជា ឲ្យកាន់តែបៃតង សម្រាប់ក្មេងៗ ជំនាន់ក្រោយ។
ព្រៃកោងកាង នៅតាមឆ្នេរសមុទ្រ ភាគខាងត្បូងនៃប្រទេសកម្ពុជា ផ្តល់ជម្រកដល់ ជីវៈចម្រុះជួយបង្កើនជីវភាព ដល់ប្រជាជននៅក្នុងសហគមន៍ ។ ព្រៃកោងកាង គឺជាជម្រក និងកន្លែងបង្កាត់ពូជដ៏មានសារសំខាន់សម្រាប់ត្រី ក្តាម និងសត្វផ្សេងៗ ទៀត ព្រមទាំងជាទីកន្លែង សម្រាប់អេកូទេសចរណ៍ផងដែរ ។ ព្រៃកោងកាងទាំងនេះ ក៏ដើរតួយ៉ាងសំខាន់ ទប់ស្កាត់ការ ប្រែប្រួលនៃអាកាសធាតុដោយស្រូប យកឧស្ម័នកាបូនិក និងជួបទប់ស្កាត់ការហូរច្រោះនៃដី ទឹកជំនន់ និងខ្យល់ព្យុះថែមទៀតផង ។
មានមតិទៅលើគំនិតផ្តួចផ្តើមនេះ លោក Pern Chen នាយកគ្រប់គ្រង ខុទ្ទកាល័យ នាយកប្រតិបត្តិ ក្រុមហ៊ុនណាហ្គាវើលដ៍ បានឱ្យដឹងថា “យើងមានក្តីរីករាយគាំទ្រ ដល់ការស្តារឡើងវិញ នៃព្រៃកោងកាង នៅសហគមន៍នេសាទ ត្រពាំងរពៅ នៅទីនេះ ជាប្រព័ន្ធ អេកូឡូស៊ី ដ៏មានសារសំខាន់ សម្រាប់សហគមន៍នេសាទ ។ ដោយបានខិតខំសាមគ្គីគ្នា យើងមិនត្រឹមតែ ស្តារ ដើមកោងកាងឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង លើកកម្ពស់ធម្មជាតិ និងសហគមន៍ ដើម្បីអនាគតប្រកប ដោយសុខដុមរមនាផងដែរ” ។
កម្មវិធីនោះ មានបុគ្គលិក និងប្រជាជន នៅសហគមន៍សរុបប្រមាណ ១៣០ នាក់ បានចូលរួមដាំដើមកោងកាង នៅសហគមន៍នេសាទ ត្រពាំងរពៅ ។ គំនិតផ្តួចផ្តើមនេះ មិនត្រឹមតែបញ្ជាក់អំពីសារសំខាន់ នៃកិច្ចខិតខំប្រឹងប្រែង រួមគ្នា ក្នុងការការពាររបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ អំពីការប្តេជ្ញាចិត្តគាំទ្រ ដល់ទស្សនវិស័យជាតិ របស់ប្រទេសកម្ពុជា ដើម្បីសម្រេចឲ្យបានគម្រប ព្រៃឈើ ៦០ភាគរយ ត្រឹមឆ្នាំ២០៥០ ផងដែរ ។ គំនិតផ្តួចផ្តើមនេះ ក៏ស្របទៅនឹងគោល ដៅអភិវឌ្ឍ ប្រកបដោយនិរន្តរភាព របស់អង្គការសហប្រជាជាតិ ចំណុចទី១៤ បញ្ជាក់អំពី “ជីវិតក្រោមទឹក” ដែលមានគោល បំណងអភិរក្ស និងប្រើប្រាស់មហាសមុទ្រ សមុទ្រ និងធនធានសមុទ្រសម្រាប់ការអភិវឌ្ឍប្រកបនិរន្តរភាព។
មានមតិអំពីគំនិត ផ្តួចផ្តើមនេះ លោក ជា សេន ប្រធានស្តីទី សហគមន៍ ត្រពាំងរពៅ បានឲ្យដឹងថា “យើងសូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ សម្រាប់ការគាំទ្រ របស់ណាហ្គាវើលដ៍។ គំនិតផ្តួចផ្តើមនេះ មានសារសំខាន់ណាស់ សម្រាប់សហគមន៍របស់យើង ដោយវាជួយស្តារប្រព័ន្ធ អេកូឡូស៊ី នៃដើមកោងកាងឡើងវិញ និងជួយធ្វើឲ្យជីវភាព នៃការនេសាទ របស់យើងមាន ភាពប្រសើរឡើង” ។
គួរបញ្ជាក់ថា កាលពីខែកក្កដាក្នុងឆ្នាំនេះ ណាហ្គាវើលដ៍ បេះដូងសប្បុរស បាននាំអ្នកចូលរួមប្រមាណ ២០០ នាក់ ដាំកូនឈើចំនួន ៧០០ ដើមក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។ ចាប់តាំងពីឆ្នាំ២០១៤ ណាហ្គាវើលដ៍បេះដូងសប្បុរស បាននិងកំពុងលើកកម្ពស់ និងបណ្តុះស្មារតីយ៉ាងសកម្ម ដល់បុគ្គលិកស្ម័គ្រចិត្ត និងសហគមន៍ ឲ្យចូលរួមថែរក្សាបរិស្ថាន និងអនុវត្តដើម្បីនិរន្តរភាព ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋប្រមាណ ៤៥.២៩១ តាមរយៈសកម្មភាពចំនួន ១៥៧ ៕