ព័ត៌មានជាតិ

អ៊ីស្រាអែល ចាប់ផ្តើមទម្លាក់គ្រាប់បែកលើ ស្ថាប័នហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា នៅក្នុងប្រទេសលីបង់

AFP

បេរូត៖ យន្តហោះចម្បាំងអ៊ីស្រាអែល នៅល្ងាចថ្ងៃអាទិត្យ បានចាប់ផ្តើមទម្លាក់គ្រាប់បែកសាខារបស់ Al Qard Al Hassan ដែលជាស្ថាប័នហិរញ្ញវត្ថុ ដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា។

ប៉ុស្តិ៍ទូរទស្សន៍បានបញ្ជាក់ថា សាខានៃគ្រឹះស្ថានហិរញ្ញវត្ថុនៅតំបន់ Chiyah នៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ត្រូវបានវាយប្រហារ ដោយមិនទាន់មានរបាយការណ៍ពីអ្នកស្លាប់ និងរបួសភ្លាមៗនៅឡើយទេ។

អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានគំរាមនៅមុនថ្ងៃ ដែលកងទ័ពកំពុងរៀបចំការវាយប្រហារលើទីតាំងជាច្រើនក្នុងប្រទេសលីបង់ រួមទាំងរដ្ឋធានីបេរូត ដើម្បីកំណត់គោលដៅអគារដែលភ្ជាប់ទៅនឹងបណ្តាញហិរញ្ញវត្ថុរបស់ក្រុមហេសបូឡា។

លោក Hagari បានប្រាប់សន្និសីទសារព័ត៌មានថា “យើងនឹងវាយប្រហារគោលដៅ មួយចំនួនធំក្នុងពេលឆាប់ៗនេះ” ដោយថា គោលដៅបន្ថែមទៀតនឹង ត្រូវវាយប្រហារពេញមួយយប់ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា ការវាយប្រហារនេះ គឺជាផ្នែកមួយនៃការវាយឆ្មក់ទៅលើអង្គការ ដែលពាក់ព័ន្ធនឹងការដោះស្រាយជាមួយនឹងមូលនិធិ ដែលផ្ទេរដោយអ៊ីរ៉ង់ទៅឱ្យក្រុមហេសបូឡា ដើម្បីគាំទ្រសកម្មភាពរបស់ខ្លួន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top