ភ្នំពេញ៖ លោក សយ សុភាព ក្នុងនាមជាអ្នកតាមស្ថានការណ៍នយោបាយនៅកម្ពុជា បានលើកឡើងថា ២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃកំណើតពិតប្រាកដទី២របស់ខ្មែរ ក្រោមការដាក់ចេញទស្សនៈវិជ្ជា «នយោបាយ ឈ្នះ ឈ្នះ» របស់វីរៈបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន។
ការលើកឡើងនេះ ស្របពេលដែលអ្នកនយោបាយនិងអ្នកវិភាគគ្រប់និន្នាការ កំពុងជជែកវែកញ៉ែក យ៉ាងផុសផុល អំពីស្មារតីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ១៩៩១។
ជុំវិញករណីនេះ លោក សយ សុភាព បានលើកឡើងថា ២ ធ្នូ ១៩៨៧ ជាចំណុចចាប់ផ្តើម នៃការស្វែងរកសន្តិភាព សម្រាប់កម្ពុជា ហើយ២៣ តុលា ខ្មែរបក្ខដិបក្ខចុះហត្ថលេខា ទទួលយកសន្តិភាព ដោយមាន១៩ប្រទេស និងអង្គការសហប្រជាជាតិ ជួយជ្រោមជ្រែង ពន្លត់សង្រ្គាមរវាងខ្មែរនិងខ្មែរ។ ទោះបីបោះឆ្នោត បង្កើតរដ្ឋាភិបាល ដោយបរទេសជួយទំនុកបម្រុង នៅថ្ងៃ២៣ ឧសភា ១៩៩៣ ក៏ដោយក៏សង្រ្គាមមិនទាន់បញ្ចប់ដែរ ដោយនៅបន្សល់ឧទ្ទាមខ្មែរក្រហម ក្រៅច្បាប់។
លោក សយ សុភាព គូសរំលេចថា ការដាក់ចេញទស្សនៈវិជ្ជា «នយោបាយ ឈ្នះ ឈ្នះ ខែកុម្ភៈ ១៩៩៨» បានឈានទៅដល់បញ្ចប់សង្រ្គាមទាំងស្រុង នៅ ថ្ងៃ២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដោយមេដឹកនាំកំពូលខ្មែរ វីរៈបុរសសន្តិភាពសម្តេចតេជោ ហ៊ុន សែន។
លោក សយ សុភាព សង្កត់ធ្ងន់ថា «បើគ្មាន ២៩ ធ្នូ ១៩៩៨ ក៏គ្មានថ្ងៃនេះដែរ។ ២៩ ធ្នូ ១៩៩៨ គឺជាកម្មសិទ្ធិផ្តាច់មុខរបស់ខ្មែរ ហើយក៏បានក្លាយទៅជាថ្ងៃបុណ្យជាតិ និងឈប់សម្រាកជាផ្លូវការ នៅក្នុងប្រតិទិន។
២៩ ធ្នូ ១៩៩៨ គឺជាថ្ងៃកំណើតពិតប្រាកដទី២របស់ខ្មែរ ក្រោយសម័យអង្គរត្រូវបានបិទបញ្ចប់ពេលព្រះមហាក្សត្រ ពញាយ៉ាតលើកព្រះរាជធានីមកទួលបាសាន្ត»។