ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរ ដល់ការចូលរួម របស់មន្រ្តីបរិស្ថាន គ្រប់ថ្នាក់ ដល់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរដែនដី និងអង្គការដៃគូនានា ដែលបានគាំទ្រ និងសម្របសម្រួល ដៃគូពាក់ព័ន្ធ និងជាពិសេសសហគមន៍ តំបន់ការពារធម្មជាតិទាំងអស់ ដែលបានចូលរួម យុទ្ធនាការបណ្តុះគំនិត«ពន្លកបៃតង» ចូលរួមបណ្តុះ និងចែកកូនឈើជាង ១លាន៣សែនដើម នាពេលកន្លងមក ។
ការលើកឡើងរបស់ លោករដ្ឋមន្ត្រីបរិស្ថាន នាឱកាសអញ្ជើញបិទ សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «សហគមន៍តំបន់ ការពារធម្មជាតិ» ដែលបានរៀបចំដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ទីរបរិស្ថានទាំង២៥រាជធានីខេត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ រួមទាំងសហគមន៍តំបន់ការពារធម្មជាតិទាំង១៩៣ មកពីទូទាំងប្រទេស ។
លោករដ្ឋមន្រ្តី បានចាត់ទុកថា ការចូលរួមនេះ គឺជាបង្ហាញពីផ្នត់ គំនិតអ្នកបរិស្ថាន និងជាវិភាគទានមួយយ៉ាងសំខាន់ ក្នុងការរួមចំណែក ដល់ការអនុវត្ដ យុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលសសរស្តមទី២ គឺ«បៃតង» មានគោលដៅពង្រឹង ការគ្រប់គ្រងធនធានធម្មជាតិ តាមរយៈការចូលរួមពីសហគមន៍ តំបន់ការពារធម្មជាតិ។
លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបរិស្ថាន បាននិងកំពុងចូលរួមចំណែក និងផ្តល់ការគាំទ្រយ៉ាងពេញទំហឹង លើការចូលរួម របស់សហគមន៍មូលដ្ឋាន ក្នុងគោលដៅលើកកំពស់ជីវភាព ការអភិវឌ្ឍសហគមន៍ ក្នុងន័យកាត់បន្ថយ ដល់ការដាក់សម្ពាធ លើការប្រើប្រាស់ ធនធានធម្មជាតិ ។ លោករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា « នៅឆ្នាំក្រោយ យើងនឹងមានកូនត្នោត ១លានដើម និង កូនឈើចម្រុះកើនឡើង ពី ២ ទៅ៣ លានដើម»ចែកជូនប្រជាពលរដ្ឋ យកទៅដាំដោយឥតគិតថ្លៃ»។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ដល់វិធានការ៤ចំណុច ដែលស្នើឱ្យមន្រ្តីបរិស្ថានគ្រប់ថ្នាក់ចូលរួម អនុវត្តច្បាប់ទាំងឡាយពាក់ព័ន្ធវិស័យបរិស្ថាន ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ បានដាក់ចេញ កាលពីពេលកន្លងមកនេះ និងបានស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ មន្ទីរបរិស្ថាន និងរដ្ឋបាលខេត្តពាក់ព័ន្ធ បន្តគាំទ្រ ផ្តល់សេវាដល់សហគមន៍ ដែលត្រូវការ ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់ធនធានធម្មជាតិ និងផ្តល់ភាពជាម្ចាស់ដល់សហគមន៍។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានដាក់ចេញ នូវវិធានការគន្លឹះមួយចំនួន ដើម្បីជួយដល់សហគមន៍តំបន់ការពារធម្មជាតិ ដូចជា ១-ជំរុញឱ្យអគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន បន្តតាមដាន និងត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ នៅក្នុងតំបន់ការពារធម្មជាតិ ទាំងនោះត្រូវគោរពច្បាប់ជាធរមាន។ ២-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងឡាយណា ដែលមិនទទួលបានការឯកភាពពី ប្រជាសហគមន៍ក្នុងតំបន់នោះ ត្រូវបិទបញ្ចប់ជាបន្ទាន់។ ៣-រាល់គម្រោងអភិវឌ្ឍន៍ និងវិនិយោគទាំងអស់ ដែលបានអនុញ្ញាតិឱ្យដំណើរការ ត្រូវតែជួយ បណ្តុះបណ្តាល ជំនាញ និងពង្រឹងសមត្ថភាព ដល់ប្រជាសហគមន៍ ដើម្បីផ្តល់ឱកាស នៅពេលអនាគត សហគមន៍អាចធ្វើភាពជាម្ចាស់បាន។ ៤-ជំរុញបន្ថែមដល់ការ បង្កើតនូវសក្តានុពល សហគមន៍តំបន់ ការពារធម្មជាតិទាំង១៩៣ ជាសហគមន៍ ទេសចរណ៍ធម្មជាតិ ដើម្បីលើកកម្ពស់ ជីវភាពសហគមន៍ និងជាសហគមន៍អធ្យាក្រឹត កាបូននៅឆ្នាំ២០៥០ និង៥-បន្តអនុវត្តច្បាប់១០០% ប្រឆាំងបទល្មើស ធនធានធម្មជាតិ៕