ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ បញ្ជាក់ជំហរ ចំពោះគំនិតផ្តួចផ្តើម “៦ប្រទេស គោលដៅ១” របស់ថៃ

ភ្នំពេញ៖ ក្រសួងទេសចរណ៍នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់ជំហរជាថ្មី ពាក់ព័ន្ធគំនិតផ្តួចផ្តើម “៦ប្រទេស គោលដៅ១” “ Six countries, One Destination ” របស់ថៃ។

នៅក្នុងជំនួបជាមួយ លោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្រ្តីក្រសួងការបរទេសថៃ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានធ្វើការកត់សម្គាល់ចំពោះគំនិតផ្តួចផ្តើមនេះ ព្រមទាំងស្នើសុំភាគីថៃ ផ្ញើនូវឯកសារទស្សនាទាន គ្រប់ជ្រុងជ្រោយមកកម្ពុជា តាមផ្លូវការទូត។

បើតាម សេចក្តីបំភ្លឺរបស់ ក្រសួងទេស ចរណ៍ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ មានសារព័ត៌មានមួយ​ ចំនួនបានផ្សព្វផ្សាយ អំពីជំហរគាំទ្ររបស់ កម្ពុជាលើគំនិតផ្តួចផ្តើម “ Six countries, One Destination ” ដែលបានលើក ឡើង ដោយ៊ថៃ ក្នុងឱកាសដែល លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសំដែង ការគួរសម និងពិភាក្សា ការងារជាមួយលោក Dusit MANAPAN ទីប្រឹក្សារដ្ឋមន្ត្រីក្រសួងការបរទេសថៃ និងគណៈប្រតិភូ កាលពី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងទេសចរណ៍។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយខាងលើ ក្រសួងទេសចរណ៍ សូមធ្វើការបញ្ជាក់ ជូនសាធារណជន និង សារព័ត៌មានជាតិនិង អន្តរជាតិទាំងអស់ជ្រាបថា នៅក្នុងជំនួប ខាងលើ ក្រសួងទេសចរណ៍ បានបញ្ជាក់ទៅភាគីថៃ ថាក្រសួងសូមធ្វើការ កត់សម្គាល់លើគំនិតផ្តួចផ្តើម Six countries, One Destination” និងស្នើសុំភាគីថៃផ្តល់ ឯកសារទស្សនទាន ដែលគ្រប់ជ្រុងជ្រោយ និង ឯកសារពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមនេះតាមផ្លូវការទូត ដូចមាន បញ្ជាក់ក្នុងលិខិតផ្លូវការ របស់ក្រសួងទេសចរណ៍ លេខ១៦៣ MOT ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤ ផ្ញើជូន ស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំនៅកម្ពុជា។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ ស្នើឱ្យសារព័ត៌មានជាតិ និងអន្តរជាតិ សូមកែតម្រូវ និងបញ្ឈប់រាល់ ការផ្សាយព័ត៌មានដែលប្រាសចាក ពីជំហរពិតប្រាកដ របស់ក្រសួងទេសចរណ៍ ដែលអាចបណ្តាល ឱ្យមានការភាន់ច្រឡំ ដោយប្រការណាមួយ ជាយថាហេតុ ៕

To Top