ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវចូលរួមចំណែក ក្នុងការបង្ការគ្រោះអគ្គិភ័យ ដោយត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ពិសេសត្រូវផ្សព្វផ្សាយអប់រំពលរដ្ឋ និងគោលដៅងាយរងហានិភ័យ ដោយគ្រោះថ្នាក់អគ្គិភ័យ។
ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសអញ្ជើញសម្ពោធដាក់ឲ្យដំណើរការ មជ្ឈមណ្ឌលប្រចាំបញ្ជាសង្គ្រោះអគ្គិភ័យ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលចំណាយថវិកាសាងសង់ និងបំពាក់បច្ចេកវិទ្យាប្រព័ន្ធទិន្នន័យព័ត៌មាន សរុបជាង៣លានដុល្លារ ក្រោមកិច្ចសហការពីវិស័យឯកជន នៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ។
ក្នុងន័យនេះ នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវ និងសំណូមពរដល់សា្ថប័ន អាជ្ញាធរដែនដីគ្រប់ថ្នាក់ ពលរដ្ឋគ្រប់មជ្ឈដ្ឋាន អាជីវករដែលមាន មុខរបរអាជីវកម្មដែលងាយរងហានិភ័យ ដោយគ្រោះថ្នាក់អគ្គិភ័យទាំងអស់ រួមមាន៖
ទី១៖ សូមចូលរួមចំណែកក្នុងការបង្ការគ្រោះអគ្គិភ័យ ដោយត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នខ្ពស់ ពិសេសអង្គភាពជំនាញ និងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មផ្សព្វផ្សាយអប់រំពលរដ្ឋ និងគោលដៅងាយរងហានិភ័យ ដោយគ្រោះថ្នាក់អគ្គិភ័យទាំងអស់ ឲ្យយល់ដឹងអំពីច្បាប់ និងវិធានការនានា ក្នុងការបង្ការ និងពន្លត់អគ្គិភ័យ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិម្ចាស់ការ ពន្លត់បឋម ពេលមានហេតុការណ៍ អគ្គិភ័យកើតឡើងជាយថាហេតុ។
ទី២៖ ត្រូវរួមគ្នាពង្រឹងការគោរពច្បាប់ និងអនុវត្តច្បាប់ ក៏ដូចជាបទដ្ឋានបច្ចេកទេស នៃការបង្ការអគ្គិភ័យ ដើម្បីធានានូវសុវត្ថិភាពទាំងការរស់នៅ ការប្រកបរបរ និងអាជីវកម្មនានា សំដៅកាត់បន្ថយការខាតបង់ទ្រព្យសម្បត្តិ រួមទាំងការពារអាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។
ទី៣៖ ខិតខំលើកកម្ពស់សមត្ថភាព មន្ត្រីប្រចាំបញ្ជាប្រកបដោយគុណភាព និងមានប្រសិទ្ធភាព ជាពិសេសកម្លាំងប្រតិបត្តិការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ រួមទាំងភ្នាក់ងារកាតព្វកិច្ចពន្លត់អគ្គិភ័យ ក្រុមពន្លត់អគ្គិភ័យស្ម័គ្រចិត្តនៅមូលដ្ឋាន ដោយត្រូវផ្ដល់ការគាំទ្រលើការងារបណ្តុះបណ្តាល ការបំពាក់មធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្ភារសាមញ្ញ ឬបុរាណឲ្យអស់លទ្ធភាព ដើម្បីឲ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ចូលរួមបង្ការ ពន្លត់ និងសង្គ្រោះបានទាន់ពេលវេលា។
ទី៤៖ អង្កភាពនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវត្រៀមលក្ខណៈសម្បត្តិ គ្រប់បែបយ៉ាង និងគ្រប់កាលៈទេសៈ ក្នុងការចេញអន្តរាគមន៍សង្គ្រោះពេលមានហេតុការណ៍ គ្រោះថ្នាក់អគ្គិភ័យកើតឡើង។
ទី៥៖ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ត្រូវរួមចំណែក ដល់ការរៀបចំសណ្តាប់ធ្នាប់ នៅតាមតំបន់មិនទាន់រៀបរយ ដើម្បីកាត់បន្ថយហានិភ័យគ្រោះ ថ្នាក់អគ្គិភ័យផង និងម្យ៉ាងទៀត ផ្ដល់លទ្ធភាពគ្រប់គ្រាន់ដល់ ក្រុមអន្តរាគមន៍ពន្លត់អគ្គិភ័យផង ក្នុងប្រតិបត្តិការអន្តរាគមន៍ សង្គ្រោះ៕