ព័ត៌មានជាតិ

ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ៖ កត្តាសន្ដិភាព ជាបុរេលក្ខខណ្ឌនៃការសម្រេចចិត្តវិនិយោគ នៅកម្ពុជា

រូបភាព៖ សម្តេចធិបតី

ភ្នំពេញ៖ លោក Lin Baifeng ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា កម្ពុជា ជាប្រទេសមួយ ដែលមានសុខសន្តិភាពពេញលេញបរិបូរណ៍ រក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងធានាបាននូវកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ប្រកបដោយភាពធន់ ក្លាយជាបុរេលក្ខខណ្ឌដ៏សំខាន់ ក្នុងការជំរុញឱ្យក្រុមហ៊ុន Huawei សម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ក្នុងរយៈពេល ២៥ ឆ្នាំកន្លងមកនេះ ។

នេះជាការលើកឡើងរបស់ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ។

ក្នុងជំនួបនេះ លោក Lin Baifeng បានគូសបញ្ជាក់ថា ក្រុមហ៊ុនបានចាប់យកនូវកាលានុវត្តន៍ភាព វិនិយោគថ្មីៗបន្ថែមទៀត នៅក្នុងវិស័យ ព័ត៌មានបច្ចេកវិទ្យា ព្រមទាំងការសម្រេចបង្កើតការិយាល័យថ្នាក់តំបន់របស់ខ្លួន ប្រចាំកម្ពុជា។

លោក Lin Baifeng ក៏បានសម្ដែងនូវក្ដីរីករាយ ដែលក្រុមហ៊ុនបានចូលរួមចំណែក ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍវិស័យឌីជីថល និងបច្ចេកវិទ្យាទំនើប និងបានប្ដេជ្ញាបន្តចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឱ្យបានច្រើនថែមទៀត ដើម្បីធានាឱ្យបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងពិភពលោក។

ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន Huawei ដែលតែងតែមានទំនុកចិត្តក្នុងការបណ្ដាក់ទុនវិនិយោគ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំកន្លងមកនេះ និងបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះការប្ដេជ្ញាចិត្ត របស់ក្រុមហ៊ុន Huawei ចំពោះការការបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកឌីជីផល និងបច្ចេកវិទ្យាទំនើប ដែលការណ៍នេះ ជាការរួមចំណែកដ៏សំខាន់ដល់ការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្ដោតលើការកសាងមូលធនមនុស្សប្រកបដោយជំនាញ ចំណេះ និងធានាបាននូវផលិតភាពការងារខ្ពស់ សំដៅប្រែក្លាយប្រទេសកម្ពុជាជាប្រទេសដែលមានសេដ្ឋកិច្ច និងសង្គមឌីជីថល ក៏ដូចជារដ្ឋាភិបាលឌីជីថល។

សម្ដេចធិបតី និងលោក Lin Baifeng ក៏បានពិភាក្សាអំពីគំនិតផ្ដួចផ្ដើម ស្ដីពីការបង្កើតមជ្ឈមមណ្ឌលបណ្ដុះបណ្ដាលផ្នែកបច្ចេកវិទ្យា និងឌីជីថលថ្នាក់តំបន់ ដើម្បីទាក់ទាញអ្នកសិក្សាផ្នែកបច្ចេកវិទ្យា ក្នុងតំបន់មកសិក្សានៅកម្ពុជា ក៏ដូចជាការលើកទឹកចិត្តដល់យុវជនកម្ពុជា ចាប់យកជំនាញឌីជីថល សំដៅរួមចំណែក ដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានាពេលអនាគត៕

To Top