ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នៅថ្ងៃទី២៣ ខែតុលានេះ បានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន ២ ដែលដឹកនាំដោយលោក ណុប នុន ប្រធានសមាគមកសិកម្មតាសីសាមគ្គី ដើម្បីចូលជួបសម្តែងការគួរសម ពិភាក្សាការងារ នឹងស្វែងរកកិច្ចសហប្រតិបត្តិលើការវិនិយោគដំណាំបន្លែនៅកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/10/572-1024x682.jpg)
នៅក្នុងជំនួបពិភាក្សាជាមួយបណ្ឌិត កៅ ថាច នោះ គឺទី១ ក្រុមហ៊ុន Takii ជាក្រុមហ៊ុនផលិតគ្រាប់ពូជ មកពីប្រទេសជប៉ុន ដឹកនាំដោយ លោក Sai Min នាយកផ្នែកប្រតិបត្តិការ និងទី២ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ លោក Nattawut Wongsill ជានាយកគ្រប់គ្រង។
![](https://dap-news.com/wp-content/uploads/2024/10/573-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/574-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/575-1024x682.jpg)
ជាមួយគ្នានេះ លោកបណ្ឌិតប្រតិភូ ក៏បានស្វាគមន៍ ចំពោះ គោលបំណងនៃការវិនិយោគលើដំណាំបន្លែ របស់ក្រុមហ៊ុន Coco Agriculture និងក្រុមហ៊ុន Takii ដែលបង្ហាញពីបទពិសោធន៍លើវិស័យកសិកម្ម ការដាំដុះបន្លែ ផ្លែឈើពីប្រទេសថៃ និងបច្ចេកទេសបង្កាត់ពូជ ដើម្បីជួយឲ្យកសិករ ពេលដាំរួចហើយអាចលក់ទៅឲ្យក្រុមហ៊ុនវិញ ដែលអាចបង្កើតចំណូលដល់កសិករបានល្អប្រសើរជាងការលក់បន្លែស្រស់ៗលើទីផ្សារ។
![](https://dap-news.com/wp-content/uploads/2024/10/576-1024x768.jpg)
បច្ចុប្បន្ននេះ ក្រុមហ៊ុន Coco Agriculture មកពីប្រទេសថៃ និងក្រុមហ៊ុន Takli មកពីប្រទេសជប៉ុន កំពុងតែពិចារណាលើការវិនិយោគដាំដុះបន្លែនៅខេត្តត្បូងឃ្មុំ ។ រហូតមកដល់ពេលនេះ ក្រុមហ៊ុនមានសាខាជាង ១០០ប្រទេស សម្រាប់ការដាំដុះ ការផលិតគ្រាប់ពូជ និងរបៀបកាដាំដុះដោយប្រើស្រកីដូង និងការវិនិយោគទៅលើផ្នែកកសិកម្មនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)