ព័ត៌មានជាតិ

របាយការណ៍ថ្មីគូសបញ្ជាក់អំពីវិធានការរួម ដើម្បីការពារកុមារពី ហានិភ័យសុខភាពបរិស្ថាន នៅកម្ពុជា

រូបថត៖ © UNICEF Cambodia/2024/Seavhong Liv

ភ្នំពេញ៖ ដោយមានការគាំទ្រពីយូនីសេហ្វ ក្រសួងសុខាភិបាល នៅ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានចេញផ្សាយរបាយការណ៍ស្ដីពី សុខភាពកុមារ និងបរិស្ថាន ដែលជារបាយការណ៍ ដំបូង ពាក់ព័ន្ធនឹងបញ្ហា សុខភាពកុមារ និងបរិស្ថាននៅកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងនេះ មានការចូលរួម ពីជាង ២៩ ក្រសួង និងមន្ទីរនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមទាំងក្រសួងសុខាភិបាល ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ឧស្សាហកម្មវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍។

របាយការណ៍សុខភាពកុមារ និងបរិស្ថាន ដែលអនុវត្តដោយក្រសួងសុខាភិបាល ដោយមានការគាំទ្រពីយូនីសេហ្វ និងការរួមចំណែកពីមូលនិធិ Clarios ផ្ដល់នូវ ទិដ្ឋភាពទូទៅ គ្រប់ជ្រុងជ្រោយ អំពីស្ថានភាពបច្ចុប្បន្ន នៃសុខភាពបរិស្ថានរបស់កុមារនៅកម្ពុជា។ របាយការណ៍ នេះគូសបញ្ជាក់ អំពី ហានិភ័យសុខភាពបរិស្ថាន ចម្បងៗ ដែលកុមារប្រឈម រួមមានការប្រឈមមុខនឹង ការបំពុលខ្យល់ ការបំពុលទឹក និងចំណីអាហារ ភាពតានតឹងដោយសារកម្ដៅ សារធាតុលោហៈពុលថ្នាំសម្លាប់សត្វល្អិត និង សំណល់គ្រោះថ្នាក់ផ្សេងទៀត ហើយការប្រែប្រួលអាកាសធាតុបានធ្វើឲ្យបញ្ហាទាំងនេះមានលក្ខណៈកាន់តែមានធ្ងន់ធ្ងរបន្ថែមទៀត ។

លោកវេជ្ជបណ្ឌិត កុល ហេរ៉ូ ប្រធាននាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាលបានឱ្យដឹងថា “ការធានា នូវវឌ្ឍនភាពជាបន្តបន្ទាប់ ចំពោះសុខភាពមាតា និងកុមារ គឺជាអាទិភាព ចំបងរបស់ រាជរដ្ឋាភិបាលកម្ពុជា។ យើងទទួលស្គាល់ថា ការគំរាមកំហែងផ្នែកសុខភាពបរិស្ថាន បង្ក ហានិភ័យ គួរឱ្យ កត់សម្គាល់ ចំពោះ សមិទ្ធផល ដែលយើងបានធ្វើ ទៅលើ ការពង្រឹងសុខភាពមាតា និងកុមារនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ។ “យើងមានការប្ដេជ្ញាចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការអនុវត្ត គោលនយោបាយ និងកម្មវិធីពហុវិស័យដែលការពារសមិទ្ធផលទាំងនេះ។ ថ្ងៃនេះ យើងមានមោទកភាពចំពោះការផ្សព្វផ្សាយ របាយការណ៍ជាស្ថាពរនៃ ការវាយតម្លៃថ្នាក់ជាតិស្តីពី សុខភាពបរិស្ថានកុមារ និងបរិស្ថាន ដែលនឹងក្លាយជាមគ្គុទ្ទេសក៍នៃកិច្ចខិតខំប្រឹងប្រែងរបស់យើង។ តាមរយៈការដោះស្រាយគ្រោះថ្នាក់បរិ ស្ថាន យើងកំពុងកសាងអនាគតមួយ ដែលកាន់តែមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់កុមារ និងមនុស្សជំនាន់ក្រោយរបស់យើង។”

ការប្រែប្រួលអាកាសធាតុ និងភាពរេចរឹលបរិស្ថាន កំពុងគំរាមកំហែងក្នុងកម្រិតខុសៗគ្នាដល់ ការរស់រានមានជីវិត សុខភាព ការអប់រំ ការការពារ និងសុខុមាលភាពរបស់ កុមារ។ កំណើន ជាសកលនៃ ជំងឺមហារីក ជំងឺទឹកនោមផ្អែម វិបត្តិពាក់ព័ន្ធនឹងការអភិវឌ្ឍប្រព័ន្ធប្រសាទ និងជំងឺហឺត បានកើតឡើងដំណាលគ្នានឹងកំណើននៃការបំពុល ខ្យល់ សំណល់អេឡិចត្រូនិក និងការប្រើប្រាស់ សារធាតុគីមីគ្រោះថ្នាក់ នៅក្នុងផលិតផលប្រចាំថ្ងៃ ដូចជា ប្លាស្ទិក ចំណីអាហារ គ្រឿងអេឡិចត្រូនិក របស់របរក្មេងលេង និងក្រែមរក្សាស្បែក ។

លោកបណ្ឌិត វីល ផាកស៍ នាយក យូនីសេហ្វប្រចាំកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា “បច្ចុប្បន្ន កុមារប្រឈមនឹង ការគំរាមកំហែងផ្នែកបរិស្ថានជាច្រើន ដែលមិនធ្លាប់មានពីមុនមករួមមាន ការបំពុលខ្យល់ និងទឹក ភាពតានតឹងដោយសារកម្ដៅ ព្រមទាំងការប្រឈមនឹង សំណល់ ពុល និងសារធាតុបំពុល ដែលបង្កគ្រោះថ្នាក់ចំពោះ សុខភាព និងការអភិវឌ្ឍខួរក្បាល របស់កុមារ”។ “ភាពតក់ស្លុតនៅឆាកជីវិតដំបូងរបស់កុមារ ប៉ះពាល់ដល់សក្ដានុពលរបស់ពួកគេ ក្នុងការក្លាយជាអ្នកដឹកនាំ និងអ្នករួមចំណែកចំពោះ សេដ្ឋកិច្ចរបស់ពួកគេ នៅពេលអនាគត។ ការដោះស្រាយ បញ្ហាស្មុគស្មាញ ទាំងនេះទាមទារឱ្យមាន កិច្ចសហប្រតិបត្តិការពហុវិស័យ និងភាពជាដៃគូដ៏រឹងមាំ។ តាមរយៈការរួមសហការគ្នាយើងអាចបង្កើត បរិយាកាសកាន់តែមានសុខភាពល្អ ដើម្បីឱ្យកុមារគ្រប់រូប អាចធំលូតលាស់ និង សម្រេចបានសក្ដានុពលពេញលេញ របស់ពួកគេ។ អនាគតរបស់ពួកគេ គឺពឹងផ្អែកលើការដោះស្រាយនេះហើយ។”

យូនីសេហ្វប៉ាន់ប្រមាណថាកុមារចំនួន ៣០០លាននាក់ នៅទូទាំងសកលលោក រស់នៅក្នុងតំបន់ជាច្រើនដែលខ្យល់ពុល មានកម្រិតខ្ពស់ជាងគោលការណ៍ណែនាំអន្តរជាតិ ចំនួនប្រាំមួយដង។ ដោយផ្អែកលើ ការប៉ាន់ប្រមាណជាសកលនេះ កម្ពុជាស្ថិតនៅក្នុងចំណោមបណ្ដាប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ ដែលប្រឈមមុខខ្ពស់បំផុតនឹងហានិភ័យបរិស្ថានចំនួនបីនោះគឺ ការបំពុលនៅក្នុងបរិយាកាសជុំវិញការបំពុលក្នុងអគារ និងការប៉ះពាល់នឹងសំណ។

នៅកម្ពុជាមានការប៉ាន់ប្រមាណថា កុមារជិតមួយនាក់ នៅក្នុងចំណោមប្រាំនាក់ ដែលមានអាយុក្រោមប្រាំឆ្នាំ បានទទួលមរណភាពដោយសារការបំពុលខ្យល់ទាំង នៅក្នុងអគារ និងទាំងនៅក្រៅអគារ ហើយ កុមារអាយុក្រោម ១៨ឆ្នាំជាង ៥០% មានកម្រិតសារធាតុសំណក្នុងឈាមខ្ពស់ ដោយសារ ការប៉ះពាល់នឹងសំណ។ ព័ត៌មានគួរឱ្យព្រួយបារម្ភនេះ គឺជាកាតាលីករ ចំពោះវិធានការរបស់រដ្ឋាភិបាល ក្នុងការអនុវត្ត ការវាយតម្លៃសុខភាពកុមារ និងបរិស្ថាន ដែលត្រូវបានផ្សព្វផ្សាយ នៅថ្ងៃនេះ។ អនុសាសន៍សំខាន់ៗពី របាយការណ៍ សុខភាពកុមារ និង   បរិស្ថាន រួមមាន៖ ការពង្រឹងគោលនយោបាយ និងលិខិតប ទដ្ឋានគតិយុត្ត ព្រមទាំងការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានទាំងនោះ ដើម្បីបង្ការ និងគ្រប់គ្រង ការប៉ះពាល់នឹងសារធាតុពុល និងសារធាតុបង្ករោគ ការពង្រឹងសមត្ថភាព របស់បុគ្គលិកសុខាភិបាល ក្នុងការដោះស្រាយ បញ្ហាសុខភាពបរិស្ថាន ការលើកកម្ពស់ ការយល់ដឹង ការចូលរួម របស់សហគមន៍ និង យុវជន ក្នុងបញ្ហាបម្រែបម្រួលអាកាសធាតុ និងបរិស្ថាន ការអនុវត្ត ការស្រាវជ្រាវ និងការអង្កេតបន្ថែមទៀត ព្រមទាំង ការពង្រឹង ប្រព័ន្ធពិនិត្យតាមដាន និងឃ្លាំមើលសុខភាពបរិស្ថាន។

ការវាយតម្លៃនេះ បានជួយ ក្នុងការជំរុញ វិធានការ និងភាពដៃជាដៃគូបន្ថែមទៀត នៅឆ្នាំនេះ ដូចជា ភាពជាដៃគូថ្មី រវាងយូនីសេហ្វ ទីភ្នាក់ងារជំនួយអាមេរិក USAID និងក្រសួងសុខាភិបាល ក្នុងការអនុវត្តការអង្កេតជាតិស្ដីពី សុខភាពកុមារ និងបរិស្ថាននៅក្នុងឆ្នាំ២០២៥ ដែលនឹងផ្ដល់ទិន្នន័យកាន់តែច្បាស់អំពីវិសាលភាព នៃការបំពុលដោយលោហៈរួមទាំងសំណចំពោះកុមារ និងស្រ្តីមានផ្ទៃពោះ និងប្រភពនៃការបំពុល។ បន្ថែមលើនេះ នៅឆ្នាំនេះរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមនៅក្នុងកិច្ចសហការសកល ពាក់ព័ន្ធនឹង សុខភាពកុមារ និងបរិស្ថាន និងភាពជាដៃគូសម្រាប់អនាគតមួយដែលគ្មានសំណ ដែលជាគំនិតផ្ដួចផ្ដើមសកល ក្រោមការដឹកនាំរបស់យូនីសេហ្វ និង USAID ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលដោយសំណចំពោះកុមារ ជាពិសេស នៅក្នុងប្រទេសមានចំណូលទាប និងមធ្យម៕

To Top