ភ្នំពេញ ៖ យុវជន សិស្សានុសិស្ស ដែលកំពុងសិក្សាជំ នាញបច្ចេកទេស និងវិជ្ជាជីវៈ លើកឡើងថា កម្មវិធីប្រកួតប្រជែង ជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ត្រូវបានរៀបចំឡើង ប្រកបដោយការ ប្រកួតប្រជែងខ្ពស់ និងមានភាព ទាក់ទាញ ចំណាប់អារម្មណ៍យុវជន លើការសិក្សាជំនាញ ក្រោយមានបេក្ខជន ជិត១០០នាក់ មកពីគ្រឹះស្ថានបណ្តុះ បណ្តាល ជិត២០ ធ្វើការប្រឡងប្រជែង លើជំនាញសំខាន់ៗចំនួន៩ យ៉ាងស្វះស្វែងជាទីបំផុត។
![](https://dap-news.com/wp-content/uploads/2024/10/untitled-2-of-17-1024x573.jpg)
យុវជន អាយ ខេវ៉ិន ជាសិស្សសិក្សាជំនាញ វិស្វកម្មសំណង់ស៊ីវិល នៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួត ប្រជែងជំនាញ ថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅ រយៈពេល៥ថ្ងៃ នេះគឺធ្វើឡើង ប្រកបដោយភាពទាក់ទាញ សម្រាប់បេក្ខជន មកពីបណ្តាគ្រឹះស្ថាននានាមកជុំគ្នា ដើម្បីបង្ហាញទេពកោសល្យ របស់ពួកគេលើជំនាញផ្សេងៗ គ្នាចំនួន៩ ដែលសុទ្ធសឹង តែជំនាញដែលសំខាន់ៗ ល្បីៗ នៅប្រទេសកម្ពុជា។
![](https://dap-news.com/wp-content/uploads/2024/10/untitled-3-of-5-1024x573.jpg)
យុវជនរូបនេះបង្ហាញ ពីអារម្មណ៍ សប្បាយរីករាយ និងកោតសរសើរទៅដល់បេក្ខជន ដែលមកចូលរួមប្រកួត ប្រជែងកម្មវិធីថ្នាក់ជាតិ ដែលធ្វើឡើងរៀងរាល់២ឆ្នាំម្តង នៅពេលនេះ ពីព្រោះបេក្ខជននីមួយៗមានស្មារតីយកចិត្តទុកដាក់ ព្យាយាមអស់ពីកម្លាំងកាយចិត្ត លើវិញ្ញាសាររបស់ពួកគេ។ យុវជនបន្ថែមថា ខ្លួនមកទស្សនាការប្រកួតនៅឆ្នាំនេះ គឺដើម្បីសិក្សាស្វែងយល់ អំពីការប្រកួតប្រជែងលើវិញ្ញាសារនីមួយៗ និងពីបេក្ខជនចូលរួម ដើម្បីជាបទពិសោធន៍ថ្មីមួយទៀត ដើម្បីឈានដល់ការចូល រួមប្រកួតប្រជែង នៅពេលខាងមុខផងដែរ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-4-of-17-1024x573.jpg)
យុវតី ភន រៈសា ជាសិស្សសិក្សាជំនាញ នៅវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស (NTTI) លើកឡើងថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ គឺគួរឱ្យចាប់អារម្មណ៍ និងភាពទាក់ទាញខ្លាំងណាស់ ពីព្រោះវិញ្ញាសារបានជ្រើសរើសជំនាញល្អៗ និងសុទ្ធសឹងតែជំនាញដែលមានទីផ្សារខ្ពស់នៅប្រទេសកម្ពុជា ជាពិសេស ជំនាញតបណ្តាញ អគ្គិសនី ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម ជាដើម ។
![](https://dap-news.com/wp-content/uploads/2024/10/untitled-5-of-5-1024x573.jpg)
យុវតីរូបនេះបានគូសបញ្ជាក់ពីសារសំខាន់នៃប្រកួតប្រជែងជំនាញថ្នាក់ជាតិនេះថា ជាកម្មវិធីក្នុងក្តីស្រមៃរបស់សិស្ស យុវជន រាល់គ្នាដែលកំពុងសិក្សា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាកន្លែងបញ្ចេញសមត្ថភាពជាក់ស្តែង ដើម្បីប្រកួតជាមួយ បណ្តាបេក្ខជនមកពីសាលាបណ្តុះបណ្តាលដ៏ទៃទៀត ដែលមានសមត្ថភាពខ្លាំង និងមានចិត្ត និងឆន្ទះខ្ពស់ដូចៗគ្នា។
![](https://dap-news.com/wp-content/uploads/2024/10/untitled-7-of-17-1024x573.jpg)
ទន្ទឹមនឹងនេះដែរ យុវជនដែលបានចូលរួមទស្សនាកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ថា វាជាឱកាសមាសសម្រាប់យុវជន សិស្សនិស្សិត ដែលស្រលាញ់ជំនាញបច្ចេកទេស ដើម្បីបង្ហាញពីសក្តានុពល សមត្ថភាពរបស់ពួកគេ ពីព្រោះប្រសិនបើលទ្ធផល ពីការប្រកួតល្អប្រសើរ នោះអនាគតនឹងភ្លឺស្វាង ពោលគឺមានឱកាស ការងារខ្ពស់នៅពេលបញ្ចប់ការសិក្សា និងឱកាសទៅសិក្សានៅបរទេស ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់រឹងមាំថែមទៀត។
![](https://dap-news.com/wp-content/uploads/2024/10/untitled-8-of-17-1024x573.jpg)
គួរបញ្ជាក់ផងដែរថា កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤ ដែលកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅក្នុងសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh) មានបេក្ខជនសរុប ចំនួន៩៣រូប (ស្រី ១២រូប) មកពីគ្រឹះស្ថានសិក្សាចំនួន១៦ ចូលរួមប្រកួត ប្រជែង លើជំនាញ ៖ ជំនាញតបណ្តាញអគ្គិសនី ជំនាញរៀបឥដ្ឋ, ជំនាញផ្សារ, ជំនាញសរសេរកម្មវិធីកុំព្យូទ័រធុរកិច្ច, ជំនាញរចនាគេហទំព័រ, ជំនាញរចនាក្រាហ្វិក, ជំនាញរៀបការ៉ូ, ជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម, ជំនាញ Information Network Cabling (Demo) ។ ក្នុងនោះបេក្ខជន ដែលជាប់ចំណាត់ថ្នាក់ ទទួលបានមេដាយនឹង ត្រូវទទួលបានរង្វាន់ លើកទឹកចិត្ត ពីរាជរដ្ឋាភិបាលដូចជា មេដាយមាស ទទួបានប្រាក់រង្វាន់ ចំនួន៣លានរៀល, មេដាយប្រាក់ ទទួលបាន ប្រាក់រង្វាន់២លានរៀល និងមេដាយសំរឹទ្ធិ ទទួលបានរង្វាន់១លានរៀល៕
![](https://dap-news.com/wp-content/uploads/2024/10/untitled-9-of-17-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/untitled-14-of-17-1-1024x573.jpg)
![](https://dap-news.com/wp-content/uploads/2024/10/សម្ភាសន៏គ្រួនិងក្រុមហ៊ុន_00_15_41_18_Still002-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2024/10/សម្ភាសន៏គ្រួនិងក្រុមហ៊ុន_00_19_19_20_Still006-1024x576.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)