ព័ត៌មានជាតិ

រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បង្ហាញអំពីសារៈសំខាន់ នៃការអនុវត្តគោល នយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដើម្បីថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ

កំពង់ចាម ៖ លោក អ៊ូច ភា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍បង្ហាញ អំពីសារៈសំខាន់ នៃការអនុវត្តគោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដែលកិច្ចការនេះតម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរួម អនុវត្តដើម្បីរក្សាឲ្យបានសុខសន្តិភាព ស្ថេរភាពសង្គមនិងការអភិវឌ្ឍ ។

លោករដ្ឋលេខាធិការ បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២៤ ក្នុងខណៈអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការ យុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ និងដឹកនាំកិច្ច ប្រជុំបូកសរុបលទ្ធផលការ អនុវត្តគោលនយោយបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុងខេត្តកំពង់ចាម ប្រចាំត្រីមាសទី៣ និងលើកទិសដៅបន្តជូនដល់អ្នកពាក់ព័ន្ធ ដោយមានការចូលរួមជាអធិបតី ពីសំណាក់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តផងដែរ។

លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា គោលនយោបាយរាជរដ្ឋាភិបាល ស្ដីពីការអនុវត្ត ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព គឺមានការអភិវឌ្ឍន៍និតិវិធី ជាដំណាក់កាល ៗ ពីព្រោះគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព មានសារៈសំខាន់ ដូច្នេះតម្រូវឲ្យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមគ្នាអនុវត្ត ទិសដៅគោលបំណងតែមួយគត់គឺ ធ្វើយ៉ាងណាឱ្យរក្សា ឲ្យបាននូវសុខសន្តិភាព ស្ថេរភាពសង្គម និងការអភិវឌ្ឍ ធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែប្រសើរឡើង ។

លោក អ៊ុន ចាន់ដា បានថ្លែងផងដែរថា ក្នុងនាមគណៈបញ្ជាការឯកភាព រដ្ឋបាលខេត្ត និងសមាជិកសមាជិកា នៃកិចច្ច ប្រជុំទាំងអស់ សូមទទួលយក នូវផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឆ្នាំ២០២៤-២០២៨ យកមកដឹកនាំអនុវត្តបន្តនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធនានា ស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនដែលបានកំណត់ ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល តាមរយៈការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សង្គម លើកកម្ពស់ អនាម័យ បរិស្ថាន សុខុមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយគ្រោះ ថ្នាក់នានា ដែលបណ្តាល មកពីគ្រោះមហន្តរាយ និងជំងឺឆ្លងរាតត្បាត នៅគ្រប់កាលៈទេសៈ ព្រមទាំងលើកទឹកចិត្ត ឱ្យមានការដោះស្រាយ វិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការ សំណូមពរ ចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយ បញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បរិយាបន្ន និងសមធម៌សង្គម” ៕

To Top