ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៥ ដែលរាជរដ្ឋាភិបាលគ្រោងចំណាយ ៣៧ ៩៥០ ៣៨៥លានរៀល ស្មើនឹងប្រហែល ៩៣០០លានដុល្លារ។
យោងតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ មាន ៦ជំពូក និង ១៥មាត្រា ត្រូវបានរៀបចំឡើង ដើម្បីទ្រទ្រង់និរន្តភាពនៃ កិច្ចប្រតិបត្តិការរបស់ស្ថាប័នរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗ និងវិធានការកែទម្រង់គន្លឹះ និងជាក់ស្តែងនានា ដែលត្រូវបន្តអនុវត្តនៅក្នុងឆ្នាំ២០២៥ ដើម្បីឆ្លើយតបទៅនឹងបរិការណ៍ថ្មីរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌប្រទេសតំបន់ និងពិភពលោក ជាពិសេសដើម្បីសម្រេចឱ្យបានជាអតិបរមា នូវគោលដៅជាយុទ្ធសាស្ត្រទាំង ៥ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដែលជារបៀបវារៈ គោលនយោបាយសង្គម-សេដ្ឋកិច្ច នៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយក្នុងនោះមាន មនុស្ស ត្រូវបានបន្តកំណត់ជាអាទិភាពគន្លឹះទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពគន្លឹះបន្តបន្ទាប់តាមលំដាប់ និងមានលក្ខណៈប្រទាក់ក្រឡាគ្នា។
នៅឆ្នាំ២០២៥ រាជរដ្ឋាភិបាលគ្រោងចំណាយ ថវិការដ្ឋសរុបចំនួន ៣៧ ៩៥០ ៣៨៥លានរៀល ត្រូវជា ១៨,១៤% នៃ ផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ដែលក្នុងនោះ ចំណាយចរន្ត ២៦ ០៥៤ ០១៩លានរៀល និងចំណាយមូលធន ១១ ៨៩៦ ៣៦៦លានរៀល។ យោងលើការវាយតម្លៃនៃ ក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា ស្ថិតក្នុងអត្រាកំណើន ៦.៣% ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល សមមូលនឹងប្រមាណ ៥១ ៣៩៨លានដុល្លារអាម៉េរិក ខណៈដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថា នឹងកើនដល់ ២ ៩២៤ដុល្លារអាម៉េរិក។
ការរំពឹងទុកនៃកំណើន ៦,៣% ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ទី១. វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦% ទី២. វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងទី៣. វិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែកអតិផរណា ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ក្នុងនោះ វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១។
សូមបញ្ជាក់ថា ថវិកាឆ្នាំ២០២៥ នឹងដើរតួនាទីជាឧបករណ៍ គោលនយោបាយប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពរបស់រាជរដ្ឋាភិបាល ក្នុងការរក្សា ការការពារ និងការពង្រឹងថែមទៀតនូវសមិទ្ធផលដ៏ធំធេង ដែលកម្ពុជាសម្រេចបានកន្លងមក ក៏ដូចជាក្នុងការបន្តបុកគ្រឹះសម្រាប់ បម្រើឱ្យការអភិវឌ្ឍរបស់កម្ពុជាតទៅមុខទៀត៕