ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋទូទាំងប្រទេសទាំងអស់ ដែលបានយល់ដឹង និងចូលរួមថែរក្សាតម្លៃសន្តិភាព យល់ពីតម្លៃស្ថេរភាពសន្តិសុខ និងការចូលរួមនៅក្នុងការកសាងជីវភាពរស់នៅរបស់ខ្លួន ដែលជាផ្នែកមួយនៃការកសាងជីវភាពរបស់ប្រទេសជាតិ ។
ការថ្លែងអំរគុណរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងពិធីនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា “ដឹកនាំប្រទេសមួយ យើងមិនមែនធ្វើតែមួយវិស័យនោះទេ គឺយើងធ្វើគ្រប់ទាំងអស់ វប្បធម៌ សាសនា អប់រំ សុខាភិបាល គមនាគមន៍ អគ្គិសនី ថាមពល កសិកម្ម ពាណិជ្ជកម្ម យើងស្រុះដៃគ្នាធ្វើ តិចច្រើនយើងជំរុញបន្តគ្នា ប៉ុន្តែអ្វីដែលសំខាន់ គឺការចូលរួមរបស់ប្រជាពលរដ្ឋ ដែលជាកត្តាសំខាន់” ។
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា “កត្តាចូលរួមទី១ គឺចូលរួមថែរក្សាលំនឹងស្ថេរភាព សន្តិភាពរបស់យើង នេះគឺជាកត្តាសំខាន់ណាស់ ហើយខ្ញុំសូមអរគុណ ដល់បងប្អូនអ្ននកកងមាសផងដែរ ដែលបានចូលរួមនៅក្នុងការថែរក្សានេះ ។ ពិតណាស់ មានការអំពាវនាវ ឡើងនេះឡើងនោះ ដុតប្រទេស ផ្តួលរដ្ឋាភិបាលយកគំរូបង់ក្លាដេសចុះឡើង តែប្រជាពលរដ្ឋទូទាំងប្រទេសយល់ពីតម្លៃនៃសន្តិភាព ។ ទី២ យល់ពីតម្លៃ ស្ថេរភាព សន្តិសុខ ព្រោះមានសន្តិភាពក៏ដោយ បើយើងអត់មានស្ថេរភាព រវល់តែច្របូកច្របល់ ភូមិ ឃុំ អត់សុវត្ថិភាព យើងរវល់តែមានបញ្ហា ចេញមិនស្រួលជិះតាមផ្លូវ ក្មេងៗដាវសាំម៉ូរៃ មកកាប់ពីក្រោយឬមួយក៏យ៉ាងមិច ចឹងគឺថា ថែរក្សា ស្ថេរភាព សន្តិសុខសង្គមនេះ ។ ទី៣ ចូលរួមនៅក្នុងការកសាងជីវភាព រស់នៅរបស់ខ្លួន ដែលជាផ្នែកមួយសំខាន់ នៃការកសាងជីវភាពរបស់ប្រទេសជាតិ” ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់បន្ថែមថា “រាជរដ្ឋាភិបាល ដាក់ចេញគោលនយោបាយផ្សេងៗ ដើម្បីជួយសម្រួល និងជួយលើកតម្កើនជីវភាពរស់នៅ ទាញវិនិយោគផ្សេងៗ លទ្ធភាពយើងអាចធ្វើមួយកម្រិត ប៉ុន្តែការចូលរួមរបស់ប្រជាពលរដ្ឋ ការខិតខំរបស់រាជរដ្ឋាភិបាល នៅក្នុងការតម្លើងបៀវត្តន៍ ជូនកម្មករនិយោជិក ជូនមន្ត្រីរាជការ អតីតយុទ្ធជន ជាផ្នែកមួយនៃការជួយសម្រួលលើជីវភាពរស់នៅ ប៉ុន្តែគឺអាស្រ័យទៅលើប្រជាពលរដ្ឋ ដែលខិតខំចាប់យកឱកាស នៃសុខសន្តិភាព ស្ថេរភាព ថែរក្សាលំនឹងសន្តិសុខ រួមគ្នាខិតខំរៀនសូត្រ កសាងសមត្ថភាព ដើម្បីយើងកសាងប្រទេសតទៅទៀត ហើយនេះហើយគឺជាអ្វីដែលខ្ញុំសូមអរគុណ ជូនទៅដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស រួមទាំងបងប្អូននៅកងមាសតែម្តង ហើយសូមបន្តចូលរួមថែមទៀត”៕