ភ្នំពេញ៖ ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៤ រយៈពេល ២ថ្ងៃ ត្រូវបានបើកដំណើរជាផ្លូវការ នាព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ នៅអគារពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោករដ្ឋមន្ត្រី បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិ បានក្លាយជាព្រឹត្តិការណ៍ការងារដ៏ធំជាងគេនៅកម្ពុជា។ ជាក់ស្តែង សម្រាប់ឆ្នាំ ២០២៤នេះ មានក្រុមហ៊ុន សហគ្រាស និងស្ថាប័នចំនួន ១៥០ បានចូលរួមដោយផ្តល់ឱកាសការងារជាង ៣ម៉ឺន កន្លែងសម្រាប់យុវជន។
![](https://dap-news.com/wp-content/uploads/2024/10/719-1024x575.jpg)
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ត្រូវបានរៀបចំឡើងដើម្បីជួយយុវជន, អ្នកស្វែងរកការងារ, និយោជក និងអ្នកផ្តល់ការអប់រំបណ្តុះបណ្តាលឱ្យមានការយល់ដឹង និងទទួលបានព័ត៌មាន ចំណេះដឹង បទពិសោធន៍ និងទស្សនវិស័យអំពីការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ សារៈសំខាន់នៃការលើកកម្ពស់ផលិតភាពនិងសហគ្រិនភាព ពិព័រណ៍ការងារថ្នាក់ជាតិលើកទី ១៤នេះ ក៏បានរៀបចំឱ្យមានសិក្ខាសាលាស្តីអំពី “ការបង្កើនផលិតភាព៖ ជំនាញ និងកំណើនប្រកបដោយចីរភាព” និង “ការលើកស្ទួយសហគ្រិនភាពយុវជន ដើម្បីកំណើនប្រកបដោយចីរភាពនៅកម្ពុជា”។
![](https://dap-news.com/wp-content/uploads/2024/10/715-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/716-1024x683.jpg)
លោក ហេង សួរ ក៏បានបញ្ជាក់ផងដែរថា នៅក្នុងពិព័រណ៍ឆ្នាំ២០២៤នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់តាំងបង្ហាញនូវបញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡេិចត្រូនិកដែលផ្តល់ភាពងាយស្រួលក្នុងការផ្តល់សេវានានារបស់ក្រសួងដល់សាធារណជន និង Robot Coffee ដែលបង្កើតឡើងដោយស្នាដៃសិស្ស-និស្សិតរបស់ TVET ។ តាមរយៈស្នាដៃថ្មីទាំងពីរនេះ រួមផ្សំជាមួយឱកាសការងារជាង ៣ម៉ឺនកន្លែង ក្រសួងរំពឹងថា នឹងមានអ្នកចូលរួមពិព័រណ៍នេះច្រើនជាងឆ្នាំកន្លងទៅ ដោយអាចនឹងទាក់ទាញយុវជនសិស្ស/និស្សិត អ្នកស្វែងរកការងារ និងសាធារណជន សរុបប្រមាណ ១០ម៉ឺននាក់ ដោយអ្នកចូលរួមដោយផ្ទាល់ប្រមាណជាង ៤ម៉ឺននាក់ និងអ្នកចូលរួមតាមរយៈអនឡាញប្រមាណ ៦ម៉ឺននាក់ ក្នុងរយៈពេលពីរថ្ងៃនេះ។
![](https://dap-news.com/wp-content/uploads/2024/10/717-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/718-1024x682.jpg)
គួរបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពឆ្នាំ២០២៤ ត្រូវបានរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), មូលនិធិអភិវឌ្ឍន៍ជំនាញ និងមានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) រួមនិងដៃគូពាក់ព័ន្ធជាច្រើនទៀត។
![](https://dap-news.com/wp-content/uploads/2024/10/720-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/723-1024x682.jpg)
សូមជម្រាបថា បន្ថែមពីការរៀបចំនៅទីតាំងកោះពេជ្រផ្ទាល់ ពិព័រណ៍ការងារនេះក៏ត្រូវបានរៀបចំជា online ក្នុងពេលជាមួយគ្នានេះផងដែរ តាមរយៈគេហទំព័រ www.careerfair.nea.gov.kh ដែលអនុញ្ញាតឱ្យយុវជនរបស់យើង ដែលកំពុងរស់នៅនៅតាមបណ្តាខេត្តផ្សេងៗក៏អាចទទួលបាននូវឱកាសដូចគ្នាក្នុងការដាក់ពាក្យស្នើសុំធ្វើការ និងធ្វើការសម្ភាសន៍ជាមួយនឹងសហគ្រាស ក្រុមហ៊ុន ដែលកំពុងមានតម្រូវការងារនៅក្នុងពិព័រណ៍ការងារនេះ ដូចយុវជនដែលមកផ្ទាល់ផងដែរ។ ព័ត៌មានបន្ថែម សូមទាក់ទងមកលេខ 017 467 423 ឬ លេខ Hotline 1297 ឬ 1286៕
![](https://dap-news.com/wp-content/uploads/2024/10/721-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2024/10/722-1024x682.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)