ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ព្រឹត្តិការណ៍ «ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន» គឺនឹងអាចផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែបរបស់ប្រទេសទាំងពីរទៅកាន់ពិភពលោក។
ការបង្ហាញជំនឿនេះធ្វើឡើងក្នុងឱកាស លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើក “ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន” នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ក្រោមបរិយាកាសឱឡារិក និងអធិកអធមនៅមុខសួនព្រះរាជដំណាក់ខេត្តសៀមរាប។
ព្រឹត្តិការណ៍មួយដ៏អស្ចារ្យក្នុងចំណោមព្រឹត្តិការណ៍សំខាន់ៗ ដែលស្ថិតក្នុងក្របខ័ណ្ឌ នៃកិច្ចសហការកម្ពុជា-ចិន ដើម្បីអបអរសាទរការប្រារព្ធ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ដែលបានឆ្លុះបញ្ចាំងទំនាក់ទំនងមិត្តភាពរវាងមិត្តចិន និងកម្ពុជា មានប្រវត្តិដ៏យូរលង់ និងត្រូវបានរឹតបន្តឹងកាន់តែស្អិតរមួត ពីមួយជំនាន់ទៅមួយជំនាន់ រហូតដល់បច្ចុប្បន្ន ប្រែក្លាយជាមិត្តដែកថែប ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ ព្រមទាំងបានកសាង “សហគមន៍ជោគវាសនារួម ចិន-កម្ពុជា”។
នៅក្នុងកម្មវិធីបើក មានការអញ្ជើញចូលរួមពីរដ្ឋបាលខេត្តសៀមរាប ស្ថានកុងស៊ុលសាធារណរដ្ឋប្រជាមានិតចិនប្រចាំខេត្តសៀមរាប តំណាងក្រសួង ស្ថាប័ន អង្គភាពថ្នាក់ក្រោមជាតិ វិស័យឯកជន និងបណ្តាញសារព័ត៌មានជាតិនិងអន្តរជាតិ ប្រមាណ ២០០នាក់។
សូមគូសបញ្ជាក់ថា ពិព័រណ៍ម្ហូបអាហារកម្ពុជា-ចិន នៅពេលនេះ ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា-ចិន បង្កើតជាផលិតផលទេសចរណ៍ដ៏ទាក់ទាញ និងចូលរួមលើកតម្កើងវប្បធម៌ អរិយធម៌ និងប្រពៃណីប្រទេសទាំងពីរ។ ការរៀបចំនូវព្រឹត្តិការណ៍នេះ ពិតជាឆ្លុះបញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរដ្ឋាភិបាលប្រទេសទាំងពីរ ជាពិសេសកិច្ចសហការដ៏ល្អនិងជិតស្និទ្ធក្នុងវិស័យទេសចរណ៍។
លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីសារសំខាន់ នៃការការធ្វើបដិសណ្ឋាការកិច្ចកក់ក្តៅ និងស្នាមញញឹម ការស្នាក់នៅប្រកបដោយផាសុកភាព ម្ហូបអាហារដ៏មានឱជារសនិងសុខភាព រមណីយដ្ឋានទេសចរណ៍ដ៏សម្បូរបែប និងទាក់ទាញ ព្រមទាំងវត្ថុអនុស្សាវរីយ៍ ដែលផលិតដោយខ្មែរ។
ថ្លែងក្នុងពិធីដ៏អធិកអធមនេះ លោករដ្ឋមន្ត្រី មានជំនឿយ៉ាងមុតមាំថា «តាមរយៈការរៀបចំព្រឹត្តិការណ៍នានា រួមគ្នារវាងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃយុទ្ធនាការ «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» ពិសេសព្រឹត្តិការណ៍ «ពិព័រណ៍ម្ហូបអាហារ កម្ពុជា-ចិន» នាពេលនេះ គឺនឹងអាចផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍ ដ៏សម្បូរបែប របស់ប្រទេសទាំងពីរ ទៅកាន់ពិភពលោក»៕