កំពង់ចាម៖ ប្រធាន សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នេះ បានដឹកនាំក្រុមការងារ និងមានវត្តមាន ព្រះសង្ឃផងនោះ បាននិមន្ត និងអញ្ជើញ ប្រគល់ផ្ទះបន្ទាប់ទី ២២ ជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ប្រគល់ជូនទុគតជនជរាគ្មានទីពឹង ឈ្មោះ បួ កប អាយុ ៥៩ឆ្នាំ រស់នៅ ភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ។
បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្ត បានឲ្យដឹងថា លោកតា បួ កប រស់នៅម្នាក់ឯង គ្មានប្រពន្ធ កូនទេ។ គាត់ជាអតីតយុទ្ធជន ធ្លាប់បម្រើការក្នុងអង្គភាពយោធា ស្រុកចំការលើ ហើយបានរំសាយក្នុងឆ្នាំ១៩៨៥ ដោយពុំទទួលបានរបបគោលនយោបាយអ្វីឡើយ។ កន្លងមក ធ្លាប់រស់នៅជាមួយបងប្រុស ក្នុងភូមិនេះដែរ ប៉ុន្តែដោយសារគាត់មានសតិមិនសូវគ្រប់ ធ្ងន់ត្រចៀក ហើយមិនចេះរកស៊ីទៀត ធ្វើអោយការរស់នៅមិនចុះសម្រុងគ្នា។
![](https://dap-news.com/wp-content/uploads/2024/10/804-1024x682.jpg)
ម៉្លោះហើយ គាត់ចេះតែដើររស់នៅជាមួយអ្នកជិតខាង រហូតត្រូវបានក្រុមគ្រួសារ លោក ម៉េត គឿន អាណិតយកមកនៅក្នុងដីភូមិរបស់ខ្លួន ដោយបានសង់ជាកូនខ្ទមតូចមួយ ដែលដំបូលនិងជញ្ជាំងបិទបាំងដោយស្លឹកត្នោត ជាជម្រកអោយគាត់។ សព្វថ្ងៃ រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប័ណ្ណសមធម៌ ក្រ ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងនិងម្ចាស់ដីប៉ុណ្ណោះ។
![](https://dap-news.com/wp-content/uploads/2024/10/805-1024x682.jpg)
ម្យ៉ាងទៀត ទុរគតជនជរា រូបនេះ ពុំមានដីផ្ទាល់ ខ្លួនទេ តែដោយក្តីអាណិតអាសូរ លោក ម៉េត គឿន សុខចិត្តបរិច្ចាគ ដីភូមិរបស់គាត់ទំហំ ១០ម × ១២ម ជូន លោកតា បួ កប រស់នៅអស់មួយជីវិត តែមិនប្រគល់អោយជាកម្មសិទ្ធិទេ។
លោក ទូច ឆៃ ឲ្យដឹងទៀតថា តាមការស្នើសុំពីក្រុមកាកបាទក្រហមឃុំ អនុសាខាស្រុក រួមជាមួយសំណើ សុំបិណ្ឌបាត្រពីព្រះអនុគណ ស្រុក និងដោយ មើលឃើញពីស្ថានភាពដ៏លំបាកនេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ អណ្តូងទឹក ១ តម្លៃសរុបប្រមាណជិត ១២,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជនផងដែរ ជូនលោកតា បួ កប ស្នាក់នៅតទៅ។
ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅ , សាខា បានផ្តល់សម្ភារ គ្រឿង ឧបភោគ បរិភោគ ជូនទុរគតជនជរា រូបនេះ សម្រាប់សង្កត់ផ្ទះថ្មី រួមមាន អង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់, អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិកា ២០០,០០០រៀល ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០រៀលផងដែរ ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)