ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជការកងពលតូច ដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានចាត់ឲ្យបងប្អូនកងទ័ព នាំយកអំណោយមនុស្សធម៌មួយចំនួន រួមមាន អង្ករ២ប៉េ, ទឹកសុទ្ធ ១កេស, ទឹកផ្លែឈើ ១កេស, ត្រីខ១យួរ និងថវិកាចំនួន ២០០.០០០៛ (ម្ភៃម៉ឺនរៀល) ជូនដល់ប្រពន្ធលោក ជៀក មី ដែលជាអតីតយុទ្ធមិត្តរួម អាវុធក្នុងសម័យសង្គ្រាម។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន និងលោក ជៀក មី គឺជាអតីតយុទ្ធមិត្តរួមអាវុធ បម្រើការនៅវរសេនាតូចដឹកជញ្ជូនលេខ៨០ ចំណុះអគ្គភស្តុភារ សម័យរដ្ឋកម្ពុជា យុទ្ធមិត្តទាំងពីរធ្លាប់បានប្រកៀកស្មារគ្នា ប្រយុទ្ធដ៏អង់អាចក្លាហាន ក្នុងសមរភូមិ ដើម្បីបុព្វហេតុជាតិមាតុភូមិ ប៉ុន្តែបច្ចុប្បន្នជាអកុសល យុទ្ធមិត្ត ជៀក មី បានស្លាប់បាត់បង់ជីវិតទៅហើយ ។
លោកយាយ ង៉ែត សាម៉ី ដែលមានវ័យប្រមាណ៧០ឆ្នាំ នៅព្រឹកថ្ងៃទី២៨ តុលានេះ បានស្កាត់មកសុំជួបឧត្តមសេនីយ៍ទោ ហ៊ុល សំអុន តាមរយៈសំបុត្រសរសេរ ដោយដៃមួយច្បាប់ បង្ហាញអំពីអាសយដ្ឋាន របស់កងពលតូដឹកជញ្ជូនលេខ៩៩ ដោយមានខ្លឹមសារថា (ជិះកង់បីទៅផ្លូវ២០០៤ ឈប់កន្លែងកងពលតូច៩៩ ដាក់ស្លាកលេខ កងពលតូចលេ៩៩ សួរអ្នកយាមសុំជួប លោកមេបញ្ជការកងពលឈ្មោះ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន) ដើម្បីជម្រាបអំពី ដំណឹង រមណភាពរបស់ស្វាមី និងរៀបរាប់អំពីស្ថាន គ្រួសារដែលកំពុងខ្វះខាត ឃើញដូច្នេះហើយ លោកមេបញ្ជា ក៏ឲ្យបងប្អូនកងទ័ពរៀបចំអំណោយមនុស្សធម៌ និងថវិកាមួយចំនួន ជូនដល់គាត់ ដើម្បីជួយសម្រួល ដល់ជីវភាពប្រចាំថ្ងៃផងដែរ។
ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មិនដែលបោះបង់ យុទ្ធមិត្តរូបណានោះទេ គឺតែងតែស្វែងរកដំណឹង អតីតយុទ្ធមិត្តទាំងអស់ ដែលធ្លាប់កំសត់កម្រ ជាមួយគ្នាក្នុងសមរភូមិ និងតែងតែស្កាត់ទៅជួបគ្នា ហើយជារឿយៗតែងតែចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភចំពោះយុទ្ធមិត្ត ក៏ដូចជាគ្រួសារយុទ្ធមិត្តដែលមានការខ្វះខាត និងបញ្ហាផ្សេងៗផងដែរ ៕