ព័ត៌មានជាតិ

អ៊ីរ៉ង់ អះអាងថា អ៊ីស្រាអែល នឹង​ទទួល​រង​ផល​វិបាក សម្រាប់​ការ​វាយ​ប្រហារ​អ៊ីរ៉ង់

Xinhua

តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi បានឲ្យដឹងថា អ៊ីស្រាអែលនឹងទទួលនូវផលវិបាក សម្រាប់ការវាយប្រហារអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ មួយចេញផ្សាយ ដោយក្រសួងការបរទេសអ៊ីរ៉ង់។

នៅឯកិច្ចប្រជុំនៅរដ្ឋធានីតេអេរ៉ង់ ជាមួយឯកអគ្គរដ្ឋទូត និងប្រធានបេសកកម្មការទូត ការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នានាក្នុងប្រទេសអ៊ីរ៉ង់ លោក Araghchi បានឲ្យដឹងថា អ៊ីស្រាអែល និង “អ្នកបង្កើត” មិនអាចជៀស វាងការទទួលខុសត្រូវផ្នែកនយោបាយ និងផ្លូវច្បាប់ សម្រាប់ការឈ្លានពានលើទឹកដីអ៊ីរ៉ង់ ហើយត្រូវតែមានការ ទទួលខុសត្រូវចំពោះវា។

លោកបានលើកឡើងថា អ៊ីរ៉ង់ បានរក្សាសិទ្ធិស្របច្បាប់ របស់ខ្លួនទាំងស្រុង ក្នុងការឆ្លើយតបយ៉ាងត្រឹមត្រូវ ចំពោះការឈ្លានពាន ច្បាស់លាស់បែបនេះ ខណៈដែលសង្កត់ធ្ងន់ថា អ៊ីរ៉ង់នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះ ឬធ្វើសកម្មភាពដោយប្រញាប់ ប្រញាល់នោះទេ។

នៅក្នុងកិច្ចពិភាក្សា លោក Araghchi បានបន្ដថា អរគុណចំពោះការត្រៀមខ្លួន និងការប្រុងប្រយ័ត្ន របស់កងកម្លាំង ប្រដាប់អាវុធ និងការអនុវត្តទាន់ពេលវេលា នៃការការពារដែន អាកាសរបស់ប្រទេស អ៊ីរ៉ង់បានគ្រប់គ្រង និងបន្សាបការឈ្លានពាន ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសរូបនេះបានបន្ថែមថា ទីក្រុងតេអេរ៉ង់បានរក្សាថា សហរដ្ឋអាមេរិក បានសហការជាមួយ អ៊ីស្រាអែលក្នុង “ការឈ្លានពាន” របស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ហើយដូច្នេះដៃគូសំខាន់ ក្នុងការវាយប្រហារ គឺសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅអឺរ៉ុប” ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top