សិង្ហបុរី ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង លោក សេជិ ថាណាកា (Seiji Tanaka) អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល ការងារនិងសុខុមាលភាព នៃប្រទេសជប៉ុន បានជួបពិភាក្សាគ្នា ជាលក្ខណៈទ្វេភាគី នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ អំឡុងពេលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការងារ អាស៊ាន លើកទី២៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសសិង្ហបុរី។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_14-57-35-1024x577.jpg)
នៅក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណភាគីជប៉ុន សម្រាប់កិច្ចសហប្រតិបត្តិការ និងការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុកន្លងមក ពិសេសតាមរយៈជំនួយអភិវឌ្ឍ របស់ទីភ្នាក់ងារ សហប្រតិបត្តិការ អន្ដរជាតិជប៉ុន (JICA) និងការបញ្ជូនអ្នកជំនាញ ឯកទេសជនជាតិជប៉ុន មកកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ (TVET) និងសុវត្ថិភាព និងសុខភាពការងារ (OSH) ដែលជាកាតាលីករជំរុញ យ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍធនធានមនុស្ស នៅកម្ពុជា ។ បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានលើកឡើងសារៈសំខាន់ នៃកម្មវិធីការងារ សម្រាប់ការអភិវឌ្ឍជំនាញ (Employment for Skill Development Program) ថ្មីរបស់ជប៉ុន ដែលនឹងត្រូវដាក់ឱ្យអនុវត្តជាផ្លូវការ នៅឆ្នាំ២០២៧ ដោយកម្មវិធីនេះនឹងអាចជួយពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រវាងប្រទេសទាំងពីរ តាមរយៈការផ្ដល់អាទិភាព និងលើកទឹកចិត្តឱ្យកម្ពុជា ក៏ដូចជាប្រទេសបញ្ជូនដទៃទៀត បង្កើនការបញ្ជូនពលករជំនាញ (Skilled Workers) ទៅជប៉ុន ជាជាងការបញ្ជូនកម្មសិក្សា ការីបច្ចេកទេស (Technical Intern Trainees) ។ កម្មវិធីនេះមិនត្រឹមតែរួមចំណែក ក្នុងការជួយបង្កើនកម្លាំងពលកម្មជំនាញ និងជំរុញកំណើន សេដ្ឋកិច្ចជប៉ុន ប៉ុណ្ណោះទេ ថែមទាំងជួយដល់ការអភិវឌ្ឍ ធនធានមនុស្ស និងសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ពិសេសក្រោយពលករជំនាញ ទាំងនោះវិលត្រឡប់មកកម្ពុជាវិញ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_14-57-39-1024x577.jpg)
ជាការឆ្លើយតប លោក សេជិ ថាណាកា បានសម្តែងការគាំទ្រ ចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបញ្ជាក់គោលជំហរ របស់ប្រទេសជប៉ុន ក្នុងការជួយគាំទ្រ និង លើកកម្ពស់ប្រព័ន្ធកម្មសិក្សាការី និងពលករជំនាញដែលកំពុងអនុវត្តក្នុងពេលបច្ចុប្បន្នបន្ថែមទៀត ព្រមទាំងសង្ឃឹមថា កម្មវិធីបណ្ដុះបណ្ដាល ការងារថ្មី របស់ជប៉ុន នៅឆ្នាំ២០២៧ នឹងក្លាយជាយន្ដការមួយដ៏សំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_14-57-43-1024x577.jpg)
លោកអនុរដ្ឋមន្រ្តី ក៏បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបន្តកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណង បង្កើនការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និង ការផ្លាស់ប្តូរជំនាញ ដើម្បីបង្កើនផលិតភាពការងារ ដល់កម្លាំងពលកម្មរបស់កម្ពុជា ជាពិសេស សម្រាប់ពលករដែលធ្វើសមាហរណកម្មត្រឡប់មកមាតុភូមិវិញ ដើម្បីអាចទទួលបានការងារ ដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងពីអាទិភាពថ្មីមួយទៀត របស់ជប៉ុន សម្រាប់កាលៈទេសៈក្រោយជំងឺរាតត្បាតកូវីដ-១៩ ក្នុងការចែករំលែកឧត្តមានុត្តន៍ និងបទពិសោធន៍ពាក់ព័ន្ធនឹង សុខភាពផ្លូវចិត្តនៅកន្លែងធ្វើការ តាមរយៈអង្គការអន្ដរជាតិខាងការងារ (ILO) ។
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_14-57-47-768x1024.jpg)
ជារួម ជំនួបពិភាក្សាការងារទ្វេភាគីនេះ បានប្រព្រឹត្តទៅប្រកប ដោយភាពស្និទ្ធស្នាល និងមិត្តភាព៕
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_14-57-51-1024x577.jpg)
![](https://dap-news.com/wp-content/uploads/2024/10/photo_2024-10-31_14-57-56-577x1024.jpg)
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)