ព័ត៌មានជាតិ

៣ខែ ព្រឹទ្ធសភា អន្តរាគមន៍ដោះស្រាយ បញ្ហាប្រឈម ជូនពលរដ្ឋចំនួន ៣៤៦លើក

ភ្នំពេញ ៖ នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ដែលមានរយៈពេល៣ខែ ព្រឹទ្ធសភានិតិកាលទី៥ បានជួយអន្តរាគមន៍ ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បី ដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ ចំនួន៣៤៦លើក ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃការបើកសម័យ ប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ។

តាមរយៈសេចក្ដីប្រកាសព័ត៌មាន ដដែលបានឱ្យដឹងថា នៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដែលមានរយៈពេល៣ខែនេះ ថ្នាក់ដឹកនាំ គណៈកម្មាធិការអចិន្ត្រៃយ៍ គណៈកម្មការ ក្រុមភូមិភាគ ក្រុមសមាជិកា ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានខិតខំបំពេញការងារស្របតាមមុខងារដោយ ទទួលបានលទ្ធផល មានជាអាទិ៍៖

ក្នុងមុខងារនីតិកម្ម ព្រឹទ្ធសភាបានប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ចំនួន៤លើក និងប្រជុំ ព្រឹទ្ធសភាជាវិសាមញ្ញចំនួន២លើក ដើម្បីពិនិត្យសម្រេចអំពីតួនាទី ភារកិច្ច និងសមត្ថកិច្ច របស់របស់គណៈកម្មការទាំង១០ របស់ព្រឹទ្ធសភា និងក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងពិនិត្យហើយ ឱ្យយោបល់លើសេចក្តី ព្រាងច្បាប់ ស្តីពីការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធ នឹងការដឹកជញ្ជូនអន្តរជាតិ តាមផ្លូវអាកាស និងបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប ជំនួសសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលនឹងត្រូវបញ្ចប់អាណត្តិ។

ទន្ទឹមគ្នានេះ គណៈកម្មការនានា របស់ព្រឹទ្ធសភា បានយកចិត្តទុកដាក់បំពេញការងារយ៉ាងសកម្ម ក្នុងមុខងារតាមដានការអនុវត្តច្បាប់ ដោយបានស្វែង យល់អំពីវឌ្ឍនភាព ការងារតាមវិស័យរបស់ខ្លួន ជាមួយនឹងក្រសួង ស្ថាប័ននានា និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេស ក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមបណ្តាខេត្ត រាជធានី ដើម្បីតាមដានមើលវឌ្ឍនភាព នៃការអនុវត្តច្បាប់ និងគោលនយោបាយនានា ស្របតាមកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល។

ក្នុងការអនុវត្តមុខងារតំណាង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទាំង៨ ក្រុមសមាជិកា ព្រឹទ្ធសភា បានរៀបចំពិធីសំណេះសំណាលចំនួន៤០លើក និងរៀបចំវេទិកាកិច្ចប្រជុំពិភាក្សា ពិគ្រោះយោបល់ចំនួន៤លើក ជាមួយនឹងថ្នាក់ដឹកនាំក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីស្វែងយល់ អំពីវឌ្ឍនភាពការងារ ការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយនានា របស់រាជរដ្ឋាភិបាល បញ្ហាប្រឈម និងសំណូមពរ នានាក្នុង មូលដ្ឋាន ព្រមទាំងជូនព័ត៌មានអំពីវឌ្ឍនភាព ការងាររបស់ព្រឹទ្ធសភា នៅតាមបណ្តាក្រុង ស្រុក ខណ្ឌ ក្នុងរាជធានី ខេត្ត ដោយមានអ្នកចូលរួម សរុបចំនួន១៨.២៧៥នាក់ ។

ក្រៅពីនេះ សមាជិក សមាជិកាព្រឹទ្ធសភាបានចុះប្រាស្រ័យទាក់ទងជាមួយនឹងប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីក្នុងភូមិភាគរបស់ខ្លួន ចូលរួមក្នុងកម្មវិធីនានា ការងារសង្គម ចូលរួមដោះស្រាយ សំណូមពរ និងសំណើផ្សេងៗ របស់ប្រជាពលរដ្ឋ និងជួយអន្តរាគមន៍ ទៅអាជ្ញាធរ មានសមត្ថកិច្ច ដើម្បី ដោះស្រាយបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋចំនួន៣៤៦លើក និងបាននាំយកសម្ភារៈ ថវិកា ថ្នាំពេទ្យ និងគ្រឿងឧបភោគ បរិភោគ ដើម្បីចូលរួមដោះស្រាយ ជីវភាពប្រជាពលរដ្ឋជួបការ លំបាក ជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រ ព្រមទាំងចុះពិនិត្យការកសាងហេដ្ឋារចនាសម្ព័ន្ធ រូបវន្តផ្សេងៗ ចំនួន៧៤លើក និងសហការជាមួយនឹងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌នៅកម្ពុជារបស់ប្រទេសបារាំង ចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃ ចំនួន១,៥៨៣នាក់ នៅខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពត និងខេត្តព្រះសីហនុ៕

To Top