បរទេស៖ ប្រទេសថៃ និងកម្ពុជា បានបើកច្រកព្រំដែនអចិន្ត្រៃយ៍នៃស្ពានមិត្តភាពកម្ពុជា-ថៃ នៅខេត្តស្រះកែវ ហើយក៏បានពង្រីកម៉ោងនៅច្រក Chong Sa-ngam ក្នុងខេត្តស៊ីសាកេត ដើម្បីជំរុញពាណិជ្ជកម្ម និងទេសចរណ៍ផងដែរ។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របសថៃ ចេញផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងមហាផ្ទៃថៃ លោកស្រី Traisuree Taisaranakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយសេចក្តីប្រកាសទាំងពីរនេះនៅក្នុងកាសែត Royal Gazette កាលពីថ្ងៃទី ៣០ ខែតុលា ដោយមានប្រសិទ្ធិភាពភ្លាមៗ។
ប៉ុស្តិ៍ត្រួតពិនិត្យអចិន្ត្រៃយ៍នៃស្ពានមិត្តភាពកម្ពុជា-ថៃ (ហៅម្យ៉ាងទៀតថា ណងអៀន-ស្ទឹងបត់) ស្ថិតនៅក្នុងឃុំថាខាំ ស្រុកអារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ទល់មុខភូមិស្ទឹងបត់ ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់កម្ពុជា។ ច្រកនេះបើកពីម៉ោង ៦ ព្រឹកដល់ម៉ោង ១០ យប់ជារៀងរាល់ថ្ងៃ។
លោកស្រី Traisuree បាននិយាយថា ប៉ុស្តិ៍ត្រួតពិនិត្យថ្មីនេះ នឹងជួយបន្ធូរបន្ថយការកកស្ទះនៅជុំវិញច្រក Ban Khlong Luek ដែលមមាញឹក ក៏ដូចជានៅ អារញ្ញប្រាថេត ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែន និងជំរុញពាណិជ្ជកម្មតាមព្រំដែន។
នៅខេត្តស៊ីសាកេត ម៉ោងបើកច្រកទ្វារព្រំដែនអចិន្ត្រៃយ៍ ចុងស្អាង ក្នុងស្រុកភូស៊ីង ទល់មុខស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ត្រូវបន្ថែមពេល២ម៉ោង។ ច្រកនេះនៅពេលនេះ គឺបើកពីម៉ោង ៧ ព្រឹកដល់ម៉ោង ១០ យប់ជារៀងរាល់ថ្ងៃ ដែលពីមុនបិទនៅម៉ោង ៨យប់៕
ប្រែសម្រួលៈ ណៃ តុលា