ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានគូសបញ្ជាក់ថា បវេសនកាលឆ្នាំ សិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំប្រលងប្រណាំងគ្នា ដើម្បីសំរេចស្តង់ដាសាលាគំរូ បឋមសិក្សា ១០០ទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែទម្រង់ជាសាលាគំរូ ។
ការលើកឡើង របស់លោករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើងក្នុងពិធីប្រកាសបើកបវេសនកាល ឆ្នាំសិក្សាថ្មី២០២៤-២០២៥ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ នៅអនុវិទ្យាល័យចតុមុខ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលមានការអញ្ជើញ ចូលរួមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
ក្នុងពិធីនោះលោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន បានលើកឡើងថា “ប្រទេសកម្ពុជា បាននិងកំពុងរស់នៅ ក្នុងម្លប់សន្តិភាព ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ នេះជាឆ្នាំទី២ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានបំណងដើរឆ្ពោះទៅបង្កើត ធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ច។ មួយឆ្នាំកន្លងមកនេះរាជរដ្ឋាភិបាល បានអភិវឌ្ឍន៍និងកែទម្រង់វិស័យអប់រំ ចំនួន៤ចំណុច កាលពីថ្ងៃទី២៤សីហា២០២៣ ក្នុងគោលដៅពង្រឹងវិស័យអប់រំ អោយកាន់តែល្អប្រសើរឡើង”។
ក្នុងនោះលោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ជាឆ្នាំប្រលងប្រណាំងគ្នា ដើម្បីសំរេចស្តង់ដាសាលាគំរូ បឋមសិក្សា១០០ទូទាំងប្រទេស ដែលប្តេជ្ញាចិត្តកែទម្រង់ជាសាលាគំរូ”។
ក្នុងឱកាសនេះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអានសារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ ត្រូវនឹងថ្ងៃសុក្រទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានខ្លឹមសារថា ៖ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាថ្ងៃបើកទំព័រថ្មី នៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់ក្មួយៗ ដែលទើបនឹង ដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូច នៅតាមសាលាមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ នៅតាមសាលាបឋមសិក្សា ព្រមទាំងជាថ្ងៃថ្មីរបស់ក្មួយៗ ដែលបានឡើងពីកម្រិតថ្នាក់មួយ ទៅកម្រិតថ្នាក់មួយទៀត នៅក្នុងឆ្នាំសិក្សា២០២៤-២០២៥។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះត្រូវចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបញ្ចប់ ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទដូចជាប្រារព្ធថ្ងៃបើកបវេសនកាល ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥៕