ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់អ្នកនេសាទ ដោយប្រើឧបករណ៍នេសាទដាយត្រី និងប្រជានេសាទ សូមលែងត្រីប្រភេទកម្រ ចូលក្នុងដែនទឹកធម្មជាតិវិញ បើសិននេសាទបាន។
តាមរយៈសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលជលផល នៅថ្ងៃទី១ វិច្ឆិកា បានណែនាំដល់អាជីវករដែលធ្វើអាជីវកម្ម នេសាទដោយប្រើឧបករណ៍នេសាទដោយត្រីនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងប្រជានេសាទនៅតាមដងទន្លេ បឹងបូរ ស្ទឹង ព្រែកនានា ឱ្យបានជ្រាបថា នៅពេលនេសាទបាននូវប្រភេទធនធានជលផលកំពុងរងគ្រោះថ្នាក់ ជាអាទិ៍ ត្រីគល់រាំង ត្រីរាជ ត្រីត្រសក់ បបែល ត្រីប៉ាសាណាក ត្រីកន្ត្រប់ខ្លា ឬប្រភេទត្រីកម្រផ្សេងទៀត សូមផ្តល់ព័ត៌មានដល់មន្ត្រីជំនាញ ជលផលឬសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរួមគ្នាលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញសម្រាប់បង្កើនផលស្តុកត្រីឱ្យកាន់តែសម្បូរ និង និរន្តរភាពធនធានជលផល។
ទន្ទឹមនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ និងលើកទឹកចិត្តចំពោះបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមថែរក្សា ការពារ និងអភិរក្សធនធានជលផលដែលជាសម្បត្តិធម្មជាតិ ដ៏មានតម្លៃសម្រាប់យើងទាំងអស់គ្នា៕