ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាព គម្រោងរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ និងខេត្តកណ្តាល

ភ្នំពេញ ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ រដ្ឋលេខាធិការ ប្រចាំការ ថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និង មន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ និងខេត្តកណ្តាល បានអញ្ជើញ ចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោត នៅតំបន់សាក់សំពៅ និងតំបន់ប្រឡាយ៩៦ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងក្នុងភូមិសាស្ត្រ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលរួមមាន៖ ១)សំណង់ស្ថានីយបូមទឹកអន្លង់គង និងស្ថានីយបូមទឹកសាក់សំពៅ និង ២)ការកែលម្អប្រឡាយមេ ជើងឯកបីខ្សែប្រវែង ២៦,៥គីឡូម៉ែត្រ ដើម្បីរំដោះទឹកក្នុងបរិមាណ ១០០ម៉ែត្រគូប ក្នុង១វិនាទីពីផ្នែកខាងលិច និងខាងត្បូងរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល ខណ្ឌមានជ័យ និងខណ្ឌដង្កោ។ គិតរហូតមកដល់ពេលនេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩០% ។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ បញ្ជាក់ឱ្យដឹងថា គម្រោងនេះជួយពង្វាងទឹក តាមរយៈស្ថានីយបូមទឹកប្រមាណ ៣០ម៉ែត្រគូបក្នុង១វិនាទី ចាប់ពីសាក់សំពៅ ជើងឯក ហូរធ្លាក់ទៅព្រែកហូរ និង ទន្លេបាសាក់ ព្រមទាំងជាប្រភពទឹកបម្រើឱ្យអន្តរវិស័យ ហើយខ្នងទំនប់នឹងប្រើជាផ្លូវគមនាគមន៍ ដ៏សំខាន់សម្រាប់ការងារដឹកជញ្ជូន និងសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីក៏បានស្នើ ដល់ក្រុមការងារសាងសង់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព ស្របទៅតាមបទដ្ឋានបច្ចេកទេស និងជំរុញ អនុវត្តការងារ ឱ្យសម្រេចបានតាមផែនការគ្រោងទុក ព្រមទាំងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអ្នកពាក់ព័ន្ធ សូមបន្តចូលរួម សហការឱ្យបានជិតស្និទ្ធ ដើម្បីឱ្យការងារសាងសង់ សម្រេចបានជោគជ័យ ។

ក្នុងថ្ងៃដដែល លោករដ្ឋមន្ត្រី និងក្រុមការងារបច្ចេកទេស បានបន្តចុះពិនិត្យវឌ្ឍនភាព គម្រោងស្តារប្រឡាយ៩៦ និងព្រែកគង់ ប្រវែងប្រមាណ ៣៤គីឡូម៉ែត្រ នៅតំបន់អាកាសយានដ្ឋាន អន្តរជាតិតេជោ ក្នុងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីជួយរំដោះទឹក ក្នុងបរិមាណ ២០០ម៉ែត្រគូប ក្នុង១វិនាទី ក្នុងតំបន់ព្រែកហូរ ហូរធ្លាក់ទៅបឹងជើងលោងតំបន់ក្រាំងយ៉ូវ ទៅព្រែកអំបិល និងទៅសមុទ្រ ។

សូមបញ្ជាក់ថា គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ និងតំបន់រណបមានការងារសំខាន់ៗដូចជា៖ ស្តារស្ទឹង និងប្រឡាយចំនួន ១០ខ្សែ ប្រវែងប្រមាណ ២៦០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យសរុបចំនួន ៣៦៦កន្លែង ក្នុងនោះមានការសាងសង់ស្ថានីយបូមទឹកចំនួន ៤កន្លែងបំពាក់ដោយម៉ូទ័របូមទឹកចំនួន ២៧គ្រឿង និងសំណង់ស្ទាក់ទឹក(ទ្វារទឹក) ចំនួន ១កន្លែង ៕

To Top