កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បានមានប្រសាសន៍ថារដ្ឋាភិបាល បានផ្តល់ស្រូវពូជ ៥៥តោន សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈពេល អញ្ជើញចែកស្រូវពូជដល់ប្រជាពលរដ្ឋ ជាង ៨០០គ្រួសារ នៅសាលាស្រុកស្ទឹងត្រង់ ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងប្រតិភូអមដំណើរជាច្រើន។
លោក អ៊ុន ចាន់ដា បានឲ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៤ នេះ ស្ថានភាពនៃការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ក្នុងខេត្តកំពង់ចាមបាន ជួបប្រទះបញ្ហាដោយគ្រោះមហន្តរាយ រាំងស្ងួត ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្នុងចុងរដូវ ដែលបណ្តាលឱ្យប៉ះពាល់ និង ខូចខាតដំណាំស្រូវ សរុបចំនួន ៥.៣៨៧ហ.ត ស្មើនឹង ៩.២៦៥ គ្រួសារ ក្នុងនោះ សម្រាប់ស្រុកស្ទឹងត្រង់ ខូចខាតផ្ទៃដីសរុប ៦៨៦ ហ.ត ១.២៥០ គ្រួសារ ៧ឃុំគឺ ៖ ឃុំទួលសំបួរ ឃុំខ្ពបតាងួន ឃុំពាមកោះស្នា ឃុំអារក្សត្នោត ឃុំព្រែកបាក់ ឃុំព្រែកកក់ និងឃុំទួលព្រះឃ្លាំង។
ក្នុងឱកាសនោះដែរ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាលគឺជួយបងប្អូនប្រជាកសិករឱ្យមានសន្តិសុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺមានហូបគ្រប់គ្រាន់ និងមានបាន ដោយរាជរដ្ឋាភិបាលមិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។
លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដេីមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាពកសិកម្ម ជំរុញជីវភាព ធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ៕