ព័ត៌មានជាតិ

Update ៖ លោក កែវ រតនៈ ព្រមានចាត់វិធានការច្បាប់ ចំពោះការរុករករ៉ែ អនាធិបតេយ្យ នៅមណ្ឌលគិរី

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ បានឲ្យដឹងថា ក្រោមប្រតិបត្តិការរបស់ ក្រសួងរ៉ែ និងថាមពល ដោយមានការសហការ ពីរដ្ឋបាលខេត្តមណ្ឌលគិរី និងអង្គភាពប្រឆាំងអំពើពុករលួយ បានចុះបង្រ្កាបទីតាំងរ៉ែ យ៉ាងអនាធិបតេយ្យ នៅតំបន់ចុងផ្លាស់ ខេត្តមណ្ឌលគិរី និងបានព្រមានចាត់វិធានការច្បាប់ ដោយគ្មានការលើកលែង ចំពោះអ្នកពាក់ព័ន្ធ ។

លោក កែវ រតនៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ វិច្ឆិកាថា ទោះបីជាការបង្ក្រាប ប្រកបដោយជោគជ័យយ៉ាងណាក៏ដោយ ប៉ុន្តែគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តសហការជាមួយគ្នាបន្ថែមទៀតក្នុងការចុះពិនិត្យតាមដានភាពអសកម្ម ដើម្បីកុំឲ្យកើតឡើងទៀត។

ចំពោះការរកឃើញនូវទីតាំងអាជីវកម្មរ៉ែយ៉ាងអនាធិបតេយ្យនេះ លោក កែវ រតនៈ អះអាងថា លោកមិនបន្ទោស ឬដាក់កំហុសលើអ្នកណាម្នាក់នោះទេ តែលោករដ្ឋមន្រ្តីសង្ឃឹមថា អាជ្ញាធរនៅតាមមូលដ្ឋានត្រូវរួមគ្នាបង្កើនសកម្មភាពបន្តតាមដានទៀត ។

សូមបញ្ជាក់ថា ចំពោះទីតាំងបង្ក្រាបបាននេះ មាន១៨ទីតាំង ដោយទីតាំងមានរោង និងអណ្តូងរ៉ែ១០ទីតាំង ហើយបានបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីតាមច្បាប់ , ទីតាំងកិនរ៉ែតូចតាច៥ទីតាំង ដោយអប់រំឲ្យបញ្ឈប់ និង៣ទីតាំងទៀត ត្រូវបានស្តារឡើងវិញ ក្រោយទុករណ្តៅរ៉ែចោលជាច្រើនឆ្នាំ ៕

To Top