ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានប្រកាសឲ្យដឹងថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាស្ពានខ្ពស់ជាងនៅកម្ពុជា ដែលមានកម្ពស់រហូតទៅដល់៩០ម៉ែត្រ នឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បង នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ ពោលគឺមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
បើតាមលោក ផន រឹម រៀបរាប់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ វិច្ឆិកានេះ ស្ពានខ្ពស់ជាងគេ ហ៊ុំព័ទ្ធទៅដោយទេសភាពស្រស់ស្អាតខៀវស្រងាត់ ត្រជាក់ភ្នែក កាត់ព័ទ្ធពេនតាមជ្រលងស្ទឹងឫស្សីជ្រុំ សម្រេចការសាងសង់បាន៧៩%ហើយ ដែលមាន័យថា ស្ពាននេះនឹងត្រូវដាក់ឲ្យប្រើប្រាស់សាកល្បងនៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខ ។
លោកថា ស្ពានលេខ២៨ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ១០ ជាស្ពានខ្ពស់ជាងនៅកម្ពុជា ដែលមានកម្ពស់៩០ម៉ែត្រ ប្រវែងសរុប ៥៣៧ម៉ែត្រ ដែលចំណុចកណ្តាលស្ពាន ស្ថិតនៅត្រង់គីឡូម៉ែត្រលេខ១២៨+៩០៥ បានលាតសន្ធឹងពីក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង ឆ្លងកាត់ស្រុកវាលវែងខេត្តពោធិ៍សាត់ ឆ្ពោះទៅស្រុកសំឡូត ខេត្តបាត់ដំបង ។
អ្នកនាំពាក្យរូបនេះ បន្ថែមថា សំណង់ដ៏មហាសាលនេះ មានធ្នឹមប្រភេទអក្សរ “T” ផ្នែកខាងកេីតមាន៤ប្រឡោះ ផ្នែកកណ្តាលជាប្រភេទធ្នឹមប្រអប់ខ្សែកាបទាញមាន៣ប្រឡោះ និងផ្នែកខាងលិចប្រភេទធ្នឹមអក្សរ “T” មាន៥ប្រឡោះ ។ ចំណែកសំណង់ផ្នែកខាងក្រោមមានទម្រក្បាលស្ពាន និងធ្នឹមទទឹង (សម្រាប់ទ្រធ្នឹមប្រភេទអក្សរ “T”) ប្រើសសរមូលជួរឈរ និងប្រភេទគ្រឹះខួង ព្រមទាំងធ្នឹមទទឹងប្រេីសសរបែបជញ្ជាំងជួរឈរ និងប្រភេទគ្រឹះខួង៕