ភ្នំពេញ៖ ចិនបាន និងកំពុងសកម្មក្នុងការចូលរួមចំណែក ការកសាងប្រព័ន្ធបណ្តាញទូរស័ព្ទចល័ត នៅក្នុងប្រទេសកម្ពុជា និងបានលើកកម្ពស់ ការគ្របដណ្តប់ប្រព័ន្ធទូទាំងប្រទេស គួរឱ្យគត់សម្គាល់ ហើយនឹងជួយកម្ពុជា ឱ្យសម្រេចបានគោលដៅ នូវអត្រាគ្របដណ្តប់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន នៅតំបន់ទីក្រុងឱ្យបាន ១០០% និងតំបន់ជនបទឱ្យបាន ៧០% នាឆ្នាំ២០២៥ខាងមុខ។ នេះជាការលើកទ្បើង របស់លោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលចិន-កម្ពុជា ឆ្នាំ២០២៤ និងពិធីសម្ពោធសមាគម ទស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា នាសណ្ឋាគារសូហ្វីតែល នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក វ៉ាង វិនពីន បានថ្លែងថា ក្រោមកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនបានយល់ដឹងគ្រប់ជ្រុងជ្រោយ អំពីការអភិវឌ្ឍខ្លាំងក្លានៃសេដ្ឋកិច្ចនីជីថល របស់ប្រទេសកម្ពុជា ដើរលើវិថីគ្រប់ច្រកល្ហក ហេដ្ឋារចនាសម្ព័ន្ធឌីជីថល បានអភិវឌ្ឍឥតឈប់ឈរ ហើយឃើញមានអេក្រង់អេឡិចត្រូនិក និងអេក្រង់ Touch Screen គ្រប់ទីកន្លែង ទោះបីនៅផ្សារទំនើបធំៗ ឬក៏ហាងបាយតូចៗ ប្រើប្រាស់ទូរស័ព្ទដៃធ្វើការទូទាត់អេឡិចត្រូនិក បានក្លាយទៅជាទំលាប់ធម្មតា។
លោក វ៉ាង វិនពីន បានគូសបញ្ជាក់ថា វេទិកាពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកាន់តែច្រើន បានដាក់ឱ្យដំណើរការនៅកម្ពុជា ព្រមទាំងដំណើរការអាជីវកម្ម ប្រកបដោយភាពជោគជ័យ និងបានផ្តល់ភាពកាន់តែងាយស្រួល ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាជនកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សារៈសំខាន់សម្រាប់ការបណ្តុះបណ្តាល ធនធានមនុស្សវិស័យឌីជីថល ជំរុញការបង្កើតវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើតលក្ខខណ្ឌកាន់តែល្អប្រសើរ ដល់ការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនចិនដែលវិនិយោគនៅកម្ពុជា កំពុងតែបញ្ចេញអស់សមត្ថភាពរបស់ខ្លួន ដែលមានឧត្តមភាពខាងបច្ចេកវិទ្យា ជំរុញដាក់ឱ្យអនុវត្តនិងប្រើប្រាស់ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លោដ (Cloud Technology) និងការទូទាត់ប្រាក់ចល័ត ដែលជាបច្ចេកវិទ្យាបែបថ្មី នៅគ្រប់មុខរបរនិងវិស័យនៅកម្ពុជា ជួយប្រទេសកម្ពុជាក្នុងការលើកកម្ពស់ កម្រិតបច្ចេកវិទ្យាឌីជីថល និងសម្រេចបានបរិវត្តកម្មឌីជីថល (Digital Transformation) ជាបន្តបន្ទាប់។
លោក វ៉ាង វិនពីន បានបន្ថែមថា ការបង្កើតសមាគមឧស្សាហកម្មសេដ្ឋកិច្ចឌីជីថល ចិន-កម្ពុជា គឺចំពេលវេលា ដែលត្រឹមត្រូវបង្ហាញយ៉ាងកាន់តែច្បាស់ អំពីការផ្តល់សារៈសំខាន់កាន់តែខ្លាំង ទៅលើកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចឌីជីថល រវាងប្រទេសចិននិងកម្ពុជា គឺជំហ៊ានដ៏សំខាន់ ដល់ការលើកកម្ពស់គុណភាពនិងបង្កើនឋានៈ (Upgrade) កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជា នឹងបង្កើតបានជាទស្សនៈវិស័យ កាន់តែធំទូលំទូលាយ សម្រាប់ការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងចិន-កម្ពុជា ប្រកបដោយចីរភាព ហើយក៏នឹងចាក់បញ្ចូលថាមពល កាន់តែខ្លាំងក្លាដល់កម្ពុជា ក្នុងការសម្រេចបាន នូវបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍខ្លាំងក្លា។
ក្នុងឱកាសនោះដែរ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការ នៃក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល លើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនរបស់ចិន បាននិងកំពុងវិនិយោគ និងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា, ដែលប្រការនេះបាននាំមកនូវឱកាសការងារ និងការបណ្តុះបណ្តាលជំនាញឌីជីថលថ្មី ក៏ដូចជាការផ្ទេរបច្ចេកវិទ្យា, ដែលជាយថាហេតុ នឹងជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជារួមផងដែរ ។
ទន្ទឹមនេះ កម្ពុជា ក៏មានកិច្ចសហការប្រតិបត្តិការរវាងវិស័យសាធារណៈ និងវិស័យឯកជនរបស់ចិនជាច្រើនថែមទៀត ក្នុងនោះរួមមាន៖ ការរៀបចំធ្វើបរិវត្តកម្មឌីជីថល ក្នុងវិស័យសាធារណៈតាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ជាមួយក្រុមហ៊ុន Hauwei, កិច្ចសហប្រតិបត្តិការលើនវានុវត្តន៍ឌីជីថល ការតភ្ជាប់ក្នុងតំបន់ និងការចែករំលែកចំណេះដឹង អំពីបច្ចេកវិទ្យាឌីជីថល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយស្ថាប័ន China-ASEAN Information Harbor៕