កំពង់ធំ: គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តកំពង់ធំ បើកកិច្ចប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលេីកទិសដៅទី៤ ចុងឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តកំពង់ធំ និងមន្ទីរពាក់ព័ន្ធជុំវិញខេត្តផងដែរ នាល្ងាចថ្ងៃទី៥ ខែវិច្ចិកា ឆ្នាំ២០២៤ ។
តាមរបាយការណ៍របស់គណៈកម្មាធិការ ប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពង់ធំ បានឱ្យដឹងថា លេខាធិការដ្ឋាន គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តំពង់ធំ (គ.ខ.ប.ជ ) បានសហការជាមួយអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ និងស្រុកសន្ទុក និង ស្រុកបារាយណ៍ ចុះផ្សព្វផ្សាយច្បាប់ប្រឆាំងការជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ច្បាប់ ប្រឆាំងអំពើហិង្សា ក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ បានចំនួន ៣៤លើក។ បានផ្សព្វផ្សាយអំពី គោលនយោបាយភូមិ ឃុំមានសុវត្ថិភាពបានចំនួន ១.៣៩៧លើក។
លោកស្រី លំ គន្ធារី អភិបាលរងខេត្ត និងជាប្រធានលេខាធិការគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តកំពង់ធំ បានជំរុញឱ្យក្រុមការងារជំនាញអន្តរមន្ទីរ អង្គភាពស្ថាប័នពាក់ព័ន្ធនានា មានភារកិច្ចស្នូល ក្នុងការប្រមូលផ្ដុំ តាមដានសកម្មភាពការងារជួញដូរមនុស្ស ពិសេសនៅតាមតំបន់ដាច់ស្រយាលនៅតែមានករណី រំលោភបំពានផ្លូវ ភេទលើកុមារដោយសារប្រើប្រាស់ជាតិស្រវឹង។ ត្រូវបង្កើនបើកវគ្គអប់រំ ផ្សព្វផ្សាយតាម មូលដ្ឋាន សហគមន៍ ស្ដីពីការរំលោភបំពាន ការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត។ អនុវត្តន៍តាមដាន និងស្រាវជ្រាវមុខសញ្ញា ជនសង្ស័យនៅតាមទីតាំងដែលសង្ស័យមួយចំនួន បង្កើតការងារផ្ដល់ព័ត៌មានបម្រើឱ្យការងារបង្ការ បង្ក្រាប បទល្មើសអំពើជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីឈានទៅការលុបបំបាត់ នឹងកាត់បន្ថយអំពើជួញដូរមនុស្សនៅក្នុងខេត្តកំពង់ធំ ឱ្យមានប្រសិទ្ធភាព។
លោកស្រីក៏បានគូសបញ្ជាក់បន្ថែមថា ក្នុងនាមគណៈកម្មាធិការ គ.ខ.ប.ជ ខ្ញុំសូមឱ្យមន្ត្រីអនុវត្តច្បាប់ ត្រូវមានវិធានការរឹតបន្តឹង និងដាក់កម្លាំងសម្ងាត់ក្នុងការស៊ើបអង្កេតរកមុខសញ្ញា ដែលប្រព្រឹត្តបទល្មើសជួញដូរមនុស្ស និងបទល្មើសនានាមកផ្តន្ទាទោសតាមច្បាប់ និងសូមឱ្យមន្រ្តីដែលទទួលបន្ទុកការងារប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ត្រូវចូលរួមសហការគ្នាឱ្យបានល្អប្រសើរ និងថ្លែងអំណរគុណដល់អង្គការដៃគូ និងមន្ទីរ-អង្គភាព ដែលបានសហការ ជាមួយគណៈកម្មាធិការ និងលេខាធិការដ្ឋាន គខបជ ថ្នាក់ខេត្ត ក្នុងការជួយគាំទ្រ និងពង្រឹងការអនុវត្តការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាផ្នែកមួយ ដែលបានបញ្ជ្រាបចូលក្នុងយុទ្ធសាស្រ្ត បញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងធ្វើឲ្យប្រសើរឡើងវិញនូវការអង្កេត ការប៉ះទង្គិចផ្នែកផ្លូវចិត្ត របស់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស សំដៅការពារសុខុមាលភាព និងការកសាងទំនុកចិត្តរបស់ជនរងគ្រោះ ម្យ៉ាងវិញទៀតជួយសម្រួលដល់ការសហការ យ៉ាងប្រសើរជាមួយអ្នកអនុវត្តច្បាប់៕ ដោយ សំនៀង