ព័ត៌មានជាតិ

រដ្ឋមន្រ្តី ហេង សួរ សង្ឃឹមថា រដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតា ទទួលពលករកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត

ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យគណៈប្រតិភូនៃស្រុកកូឆាង ខេត្តឆល់ឡាប៊ូកដូ នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក ស៊ីម ដុកសប់ (Shim Deok-seop) អភិបាលស្រុកកូឆាង (Gochang County) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជំនួបនេះ ផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការទទួល និងបញ្ជូនពលករកម្ពុជាទៅធ្វើការងារតាមកម្មវិធីពលកររដូវកាល នៅក្នុងស្រុកកូឆាង ខេត្តឆល់ឡាប៊ូកឌូ (Joelabuk-do) នៃសាធារណរដ្ឋកូរ៉េ ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ដល់រដ្ឋបាលស្រុកកូឆាង ដែលបានទទួលយកពលករ រដូវកាលកម្ពុជាទៅធ្វើការ ចាប់តាំងពីឆ្នាំ២០២៣ មកដល់ឆ្នាំ២០២៤នេះ ហើយក៏នឹងបន្តទទួលយក ពលកររដូវកាលកម្ពុជា សម្រាប់ឆ្នាំ២០២៥ ផងដែរ។ ទន្ទឹមនេះ លោករដ្ឋមន្ត្រី ក៏អរគុណដល់រដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលតែងយកចិត្តទុកដាក់ គាំពារពលករកម្ពុជា ដែលកំពុងធ្វើការនៅទីនោះ ។

លោក ហេង សួរ សង្ឃឹមថារដ្ឋបាលស្រុកកូឆាង នឹងបង្កើនកូតា ទទួលពលករកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត ទៅធ្វើការនៅទីនោះ ជាពិសេសពលករជំនាញ របស់កម្ពុជា។

ក្នុងជំនួបនេះដែរ លោក ស៊ីម ដុកសប់ បានថ្លែងការកោតសរសើរ ដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារ នៅក្នុងស្រុកកូឆាង ថាមានអត្តចរិតល្អ ប្រឹងប្រែងធ្វើការងារ ដែលធ្វើឱ្យថៅកែពេញចិត្តជាខ្លាំង។ ទន្ទឹមនេះ លោកសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបញ្ជូនពលករកម្ពុជាមានអត្តចរិតល្អដូចនេះ។

លោក ស៊ីម ដុកសប់ បានគូសបញ្ជាក់ថា រដ្ឋបាលស្រុកកូឆាងបានបង្កើត អន្តេវាសិកដ្ឋានសម្រាប់ពលករកម្ពុជាស្នាក់នៅ ដែលនេះជាគំរូថ្មីមួយក្នុងការ យកចិត្តទុកដាក់ដល់ពលករកម្ពុជា ដែលមកធ្វើការនៅក្នុងតំបន់នេះ។

សូមបញ្ជាក់ថា ស្រុកកូឆាង នៃខេត្តឆល់ឡាប៊ូកដូ មានតំបន់ ជាប់ឆ្នេរសមុទ្រ ដែលមានសេដ្ឋកិច្ចផ្តោត សំខាន់លើវិស័យធំៗ ដូចជា ឧស្សាហកម្ម ពាណិជ្ជកម្ម ដឹកជញ្ជូន ទេសចរណ៍ ជាពិសេសផ្នែកកសិកម្ម ដែលមានសក្តានុពល លើការដាំដុះនៅក្នុងផ្ទះកញ្ចក់ (Greenhouse) ដែលមានដំណាំសំខាន់ៗដូចជា ផ្លែបឺរី ម្ទេស សណ្តែកដី និងស្លឹកតែជាដើម និងមានតម្រូវការពលកម្មជាច្រើននាក់ ដើម្បីធ្វើការនៅតាមកសិដ្ឋាននានា៕

To Top