ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំបន្ដធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ផលិតភាព ពិពិធភាវូនីយកម្មដំណាំ ដែលមានសក្ដានុពល និងទីផ្សារ

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្មដំណាំ ដែលមានសក្តានុពល និងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ។

តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជាតិអាហារូបត្ថម្ភលើកទី១១ (៦ វិច្ឆិកា ២០១៤- ៦ វិច្ឆិកា ២០២៤) ក្រោមប្រធានបទ « អាហារូបត្ថម្ភ ដើម្បីការ លូតលាស់ និងកំណើន» សម្តេចធិបតី បានឱ្យដឹងថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដែលជាប្រធាន ក្រុមការងារ បច្ចេកទេសចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ត្រូវបន្តសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងតួអង្គពាក់ព័ន្ធដទៃទៀត រៀបចំ និងអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និង អាហារូបត្ថម្ភ លើកទី៣ ឆ្នាំ២០២៤-២០២៨ និងធ្វើ បច្ចុប្បន្នភាពផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀង សម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាពនៅកម្ពុជា ឆ្នាំ២០៣០ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងបញ្ហាប្រឈមជាសកលនានា ដែលកើតមានឡើង។

សម្ដេចធិបតី គូសបញ្ជាក់ថា «ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបន្តធ្វើទំនើបកម្មកសិកម្ម ដើម្បីលើកកម្ពស់ ផលិតភាព ពិពិធភាវូនីយកម្ម ដំណាំដែលមានសក្តានុពលនិងទីផ្សារ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំ ដំណាំ បន្លែ ផ្លែឈើ ចិញ្ចឹមសត្វ និងវារីវប្បកម្ម ព្រមទាំងកែលម្អគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម សម្រាប់ការប្រើប្រាស់ក្នុងស្រុកនិងនាំចេញ តាមរយៈការស្រាវជ្រាវនិងផ្សព្វផ្សាយ ការប្រើប្រាស់បច្ចេកវិទ្យា ថ្មីៗ គ្រាប់ពូជដំណាំ និងពូជសត្វ ដែលមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទិន្នន័យស្តីពីការដាំដុះ និងការពារផលិតផលស្បៀង អាហារដែលកើតចេញពីធម្មជាតិ ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនិង អាហារូបត្ថម្ភរបស់ប្រជាជន»។

សម្ដេចធិបតី បន្ថែមថា ក្រសួងសុខាភិបាល ត្រូវបន្តអប់រំផ្សព្វផ្សាយឱ្យស្ត្រីទៅទទួលការប្រឹក្សាយោបល់ស្តីពីអាប នៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ក្នុងអំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាល និងរក្សាទម្លាប់ បំបៅកូនដោយទឹកដោះម្តាយ ឱ្យបានល្អ រួមមានការចាប់ផ្តើមបំបៅ កូនដោយទឹកដោះម្តាយក្នុងម៉ោងដំបូង ក្រោយពីសម្រាល និងបន្តការបំបៅកូនដោយទឹកដោះម្តាយនេះ ឱ្យបានរហូតដល់កុមារមានអាយុយ៉ាងតិច បំផុត២ឆ្នាំ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ មាតា បិតា ឬអាណាព្យាបាលនាំកូនដែលមានអាយុក្រោម២ឆ្នាំ ទៅមណ្ឌលសុខភាព ដើម្បីតាមដានសុខភាព និងតាមដានការលូតលាស់របស់កុមារ និងសូមនាំកុមារដែលមានអាយុចាប់ពី៦ខែ ដល់៥៩ខែ ទៅទទួលគ្រាប់ថ្នាំជីវជាតិអា ឱ្យបានពីរដងក្នុងមួយឆ្នាំ នៅតាមមណ្ឌលសុខភាព ឬនៅតាម មូលដ្ឋានសុខាភិបាលនានា ដើម្បីជួយដល់ការលូតលាស់របស់កុមារ និងជួយពង្រឹងប្រព័ន្ធរាងកាយទប់ទល់នឹង ការបង្ករោគផ្សេងៗ៕

To Top