ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ដែលជាគោលដៅរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គី ជាមួយសមាជិកគណបក្សថ្មី អតីតមន្ត្រីថ្នាក់ដឹកនាំ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៃគណបក្សនយោបាយនានា ២៣៦៥នាក់ នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្តល់នូវអនុសាសន៍សំខាន់ៗ មួយចំនួន ដែលជាគោលដៅរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិ ។

យោងតាមរបាយការណ៍ ស្វាគមន៍របស់លោក យូ សិរីវុឌ្ឍ បេសកជនពិសេស របស់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ កសាងចលនា សមាជិក គណបក្សប្រជាជនកម្ពុជា មូលដ្ឋានរាជធានី-ខេត្ត បានឲ្យដឹងថា ចាប់តាំងពីក្រុមការងារ ចលនាកសាង សមាជិកបក្ស នៅមូលដ្ឋានរាជធានី-ខេត្ត បានបង្កើតឡើង នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៤ មក ក្រុមការងារបានសហការជាមួយគណៈកម្មាធិការបក្សរាជធានី-ខេត្ត និងក្រុមការងារគណបក្ស ចុះមូលដ្ឋានតាមបណ្តារាជធានី-ខេត្ត គឺចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង និងបក្សនយោបាយផ្សេងៗ បានចំនួន១៤៥៣៩នាក់ ក្នុងនោះមានថ្នាក់រាជធានី និងថ្នាក់ខេត្ត ចំនួន ៧៧៤ នាក់ ថ្នាក់ក្រុង-ស្រុក-ខណ្ឌចំនួន ១៥៩១ នាក់ថ្នាក់ឃុំ-សង្កាត់ ចំនួន ១២១៧៤ នាក់ ។

នៅក្នុងឱកាសសំណេះសំណាលនោះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អបអរសាទរ និងស្វាគមន៍ចំពោះសមាជិកថ្មី ដែលជាអតីតមន្ត្រី ថ្នាក់ដឹកនាំ របស់គណបក្សនានាដែលបានសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងការចូលមករួម រស់ជាមួយនឹងគណបក្សប្រជាជនកម្ពុជា នៅពេលនេះ។

សម្ដេចតេជោប្រធាន គណបក្ស បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចកិត្តិសង្ហបណ្ឌិត ម៉ែន សំអន ដែលរៀបចំការ ដង្ហែអង្គកឋិនទាន ទៅវត្តខ្មែរក្រោម កាលពីថ្ងៃទី ៣-៥ វិច្ឆិកា ២០២៤ ដែលដំណើរការនៃការដង្ហែអង្គកឋិនទាននេះ ទទួលបាននូវភាពជោគជ័យ និងទទួលបានការគាំទ្រ យ៉ាងច្រើនពីបងប្អូនខ្មែរក្រោម ។ សម្ដេចតេជោប្រធានគណបក្ស ក៏បានថ្លែងអំណរគុណ ដល់បណ្ដាថ្នាក់ដឹកនាំទាំងអស់ ដែលបានចូលរួមនៅក្នុងអង្គកឋិនទាន ដែលធ្វើឲ្យគាត់ថា និទានដង្ហែទៅកាន់វត្តខ្មែរក្រោម ទទួលបាននូវភាពជោគជ័យ។

សម្ដេចតេជោបានវាយតម្លៃខ្ពស់ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី និងសមិទ្ធផលរយៈពេលមួយឆ្នាំកន្លងទៅនេះ ដោយមានការអភិវឌ្ឍន៍ និងរីកចម្រើនជាបន្តបន្ទាប់។

នៅក្នុងពិធីសំណេះសំណាលនេះផងដែរ សម្តេចតេជោបានផ្តល់នូវអនុសាសន៍សំខាន់ៗ ដែលជាគោលដៅរួមចំណែក ក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងនោះ ចំពោះគោលដៅរយៈពេលវែង ៖
ទី១-គឺយើងត្រូវរក្សាឲ្យបាន នូវកត្តាសន្តិភាព ពីព្រោះថា កត្តាសន្តិភាពគឺជាកត្តាសំខាន់ មិនថាប្រទេសណានោះទេ តែងតែត្រូវការសន្តិភាព បើគ្មានសន្តិភាពគឺមិនមានការអភិវឌ្ឍអ្វីឡើយ ។
ទី២-ត្រូវខិតខំដើម្បីនាំប្រទេសមួយនេះ ឲ្យចាកចេញពីប្រទេស ដែលមានការអភិវឌ្ឍន៍ តិចតួចនៅត្រឹមឆ្នាំ២០២៩។
ទី៣-ត្រូវខិតខំជំរុញប្រទេសមួយនេះ ឱ្យក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ ជាគោលដៅដែលយើង បានកំណត់តាំងពីដំបូងនោះ ។
ទី៤- ខិតខំសម្រេចអោយបាន ជាប្រទសដែលមានប្រាក់ចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ចំពោះគោលដៅរយៈពេលខ្លី និងមធ្យមវិញនោះ សម្ដេចតេជោបានផ្តល់អនុសាសន៍ និងកំណត់គោលដៅអទិភាពសំខាន់ៗដូចជា៖
ទី១-ត្រូវរួមគ្នារក្សាសន្តិភាព ស្ថេរភាពនយោបាយឲ្យបានល្អប្រសើរ។
ទី២-រក្សានូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និង ទប់ស្កាត់អតិផរណា។
ទី៣-ខិតខំរួមគ្នាវិលទៅរកកំណើនសេដ្ឋកិច្ចដូចមុនកូវីដ១៩ ក្នុងរង្វង់៧% ។
ទី៤- ប្តេជ្ញាកំចាត់ចោលក្រុមបដិវត្តន៍ពណ៍ដែលមានបំណលផ្តួលរំលំរដ្ឋាភិបាលក្រៅប្រព័ន្ធរដ្ឋធម្មនុញ្ញ និងក្រោមប្រព័ន្ធប្រជាធិបតេយ្យ។

ជាថ្មីម្ដងទៀត សម្ដេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណ ចំពោះបងប្អូនសមាជិកថ្មីទាំងអស់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការមករួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដើម្បីរួមគ្នាបន្តការងារជាតិមាតុភូមិរបស់យើង ជាពិសេសរួមចំណែកក្នុងការ អភិវឌ្ឍកម្ពុជាឲ្យកាន់ តែរីកចម្រើនតទៅមុខទៀត ៕

To Top