ភ្នំពេញ ៖ ក្រុមការងារការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង)កំពុងសម្រុកខ្លាំង ដើម្បីធានាវឌ្ឍនភាពតាមការគ្រោងទុក។នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃ៦ វិច្ឆិកា។
លោកថា គិតត្រឹមថ្ងៃទី៦ ខែវិច្ឆិកា គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចវឌ្ឍនភាពបាន ៦៧,៤៥%ហើយ។ ក្នុងនោះក្រុមការងារការដ្ឋានកំពុងបង្កើនសកម្មភាពអ៊ុតAC ដែលដំណើរការនេះ កំពុងបានលេចចេញវឌ្ឍនភាពត្រចះត្រចង់ និងអាចបញ្ចប់ការងារអ៊ុតACនៅចុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខ។
ជាមួយគ្នានេះ លោកអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ប្រុងប្រយ័ត្នខ្ពស់ កុំដឹកធ្ងន់ពេក ដោយអំឡុងពេលនេះភ្លៀង នៅបន្តធ្លាក់ជោគជាំនៅឡើយ បណ្តាលឱ្យមានការលំបាក ធ្វើដំណើរដោយកន្លែង ជាពិសេសចំណុចឡើងទួល និង ចុះចំណោតជាដើម ។ ចំពោះរថយន្តឈ្នួល និងអ្នកធ្វើដំណើរ ផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ដើម្បីធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ៤៨ គឺជាខ្សែផ្លូវដ៏សំខាន់ និង យុទ្ធសាស្ត្រ ដែលប្រកបដោយសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម ដឹកជញ្ជូន ភស្តុភារកម្ម ទេសចរណ៍៕