ភ្នំពេញ៖ លោកស្រី Xuemei Chen ប្រធាន និងជាស្ថាបនិកនៃក្រុមហ៊ុន Zhengzhou Chen’s Sun បានបង្ហាញចំណាប់អារម្មណ៍ វិនិយោគលើវិស័យកសិកម្មនៅកម្ពុជា ពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញ ទៅកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ។
ការបង្ហាញចំណាប់អារម្មណ៍ របស់ស្ថាបនិកក្រុមហ៊ុន Zhengzhou Chen’s Sun ធ្វើឡើងក្នុងឱកាស ចូលជួបពិភាក្សា ការងារ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា អំឡុងកិច្ចប្រជុំកំពូល មហាអនុតំបន់មេគង្គ (GMS) លើកទី៨ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណៈរដ្ឋប្រជាមានិតចិន។
ក្នុងឱកាសនេះ លោកស្រីប្រធានក្រុមហ៊ុន បានគោរព ជម្រាបជូនសម្ដេចបវរធិបតីថា លោកស្រីធ្លាប់មកទស្សនា ប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៨ និងពិនិត្យឃើញថា កម្ពុជាមានសក្ដានុពលខ្លាំង ខាងវិស័យកសិកម្ម ជាពិសេសគឺ ឧស្សាហកម្មផ្លែឈើ (ដំណាំទុរេន)។ ដូច្នេះ លោកស្រីប្រធានក្រុមហ៊ុនមានចាប់អារម្មណ៍ វិនិយោគលើវិស័យ កសិកម្មនៅកម្ពុជា ពិសេសដំណាំទុរេន និងរោងចក្រកែច្នៃ ដើម្បីនាំចេញមកកាន់ទីផ្សារប្រទេសចិន និងប្រទេសផ្សេងទៀត ដែលនេះនឹងចូលរួមចំណែកបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាជន នៅកម្ពុជា។
ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន លើការវិនិយោគខាងវិស័យកសិកម្ម ជាពិសេសដំណាំទុរេន នៅកម្ពុជា និងបានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមានសក្ដានុពល លើផលិតផលកសិកម្ម ច្រើនប្រភេទ ដែលវិនិយោគិនអាចនាំចេញ ទៅកាន់ទីផ្សារក្រៅប្រទេស ប្រកបដោយភាពប្រកួតប្រជែង។
សម្ដេចបវរធិបតី បានលើកទឹកចិត្តក្រុមហ៊ុនឱ្យបន្តពិភាក្សាលម្អិត និងសហការជាមួយក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងស្រុក សំដៅប្រែក្លាយផែនការវិនិយោគរបស់ក្រុមហ៊ុន ឱ្យចេញលទ្ធផលជាក់ស្ដែង ក្នុងពេលដ៏ខ្លីខាងមុខ ៕