ព័ត៌មានជាតិ

យុវជនជំនាញបច្ចេកទេសចំនួន ៧រូប ត្រូវបានជ្រើសរើសជាតំណាងកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥

ភ្នំពេញ៖ យុវជនដែលសិក្សាជំនាញបច្ចេកទេសចំនួន ៧រូប ត្រូវបានជ្រើសរើសជាតំណាងបេក្ខជនកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ នៅប្រទេសហ្វីលីពីន ឆ្នាំ២០២៥។ ការជ្រើសរើសនេះបន្ទាប់ពីពួកគេឈ្នះមេដាយមាសពីកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ដោយមានបេក្ខជនសរុបចំនួន ៩៣រូប មកពីគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស១៦ ធ្វើការប្រឡងប្រជែងលើជំនាញបច្ចេកទេសយ៉ាងស្វិតស្វាញ។

យុវតី ណាន សុខហេង ជាបេក្ខជនជ័យលាភីទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ ជំនាញ Information Network​ Cabling មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI លើកឡើងថា ខ្លួនមានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានទទួលបានមេដាយមាសក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ជាមួយបណ្តាបេក្ខជនជិត ១០០នាក់ មកពីវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសជាច្រើន ដែលសុទ្ធសឹងតែជាបេក្ខជនដែលមានសមត្ថភាពខ្ពស់លើជំនាញបច្ចេកទេសនៅកម្ពុជា។

យុវតីរូបនេះបន្តថា បន្ទាប់ពីទទួលបានបានទទួលបានមេដាយមាសក្នុងកម្មវិធីប្រឡងថ្នាក់ជាតិឆ្នាំ២០២៤  យុវតីនឹងត្រូវទៅចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥នៅប្រទេសហ្វីលីពីន។ យុវតីមានសេចក្តីរំភើបដែលត្រូវបានជ្រើសរើសជាបេក្ខជនតំណាងប្រទេសជាតិ និងសាលារបស់ខ្លួនលើការចូលរួមកម្មវិធីប្រកួតប្រជែងលំដាប់អន្តរជាតិ ហើយខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងខិតខំរៀនបន្ត និងសិក្សាស្រាវបន្ថែមទៀតដើម្បីទទួលបានលទ្ធផលគាប់ប្រសើរជូនជាតិ និងសាលារបស់ខ្លួន។

ដោយឡែក យុវជន អុល សុភារម្យ ជាបេក្ខជនទទួលបានមេដាយមាសមួយរូបទៀតក្នុងកម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជាលើកទី៩ ឆ្នាំ២០២៤ លើជំនាញម៉ាស៊ីនស្វ័យប្រវត្តិកម្ម (Automation) មកពីវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស NTTI លើកឡើងថា ការដែលត្រូវបានជ្រើសរើសឱ្យចូលរួមប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីនជាក្តីបំណងដ៏ធំមួយរបស់ខ្លួន ហើយសមិទ្ធផលផ្លែផ្កានៅពេលនេះជាមោទកភាពដ៏ធំមួយសម្រាប់ខ្លួនលើផ្លូវនៃការសិក្សាជំនាញវិជ្ជាជីវៈរយៈពេលប៉ុន្មានឆ្នាំមកនេះ។

យុវជនរូបនេះបន្ថែមថា ការនាំមកនូវមេដាយមាសពីប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីនគឺជាគោលបំណងដ៏ធំថ្មីមួយទៀតសម្រាប់រូបគេ ដោយខ្លួនសង្ឃឹមយ៉ាងមុតមាំថានឹងអាចពាំនាំកិត្តិយសជូនប្រទេសកម្ពុជា ក៏ដូចជាសាលាបណ្តុះបណ្តាលរបស់ពួកគេ ដើម្បីបង្ហាញថាកម្ពុជាក៏មានយុវជនមានសមត្ថភាពខ្ពស់លើជំនាញបច្ចេកទេសមួយក្នុងចំណោមបណ្តាប្រទេសធំៗនៅក្នុងតំបន់ផងដែរ។

គួរបញ្ជាក់ដែរថា ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៣ កាលពីឆ្នាំ២០២៣ ត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី លើជំនាញសរុបចំនួន ២២ជំនាញ។ ដោយឡែក ការប្រកួតប្រជែងជំនាញអាស៊ានលើកទី១៤ ឆ្នាំ២០២៥ ដែលនឹងធ្វើនៅប្រទេសហ្វីលីពីនខាងមុខនេះមានជំនាញសរុបចំនួន ៣២ជំនាញ ដែលក្នុងនោះក៏មានបេក្ខជនតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងផងដែរ៕

To Top