ព័ត៌មានជាតិ

ក្រុមហ៊ុនចិន Fortune Rich Trade ចង់ពង្រីកការវិនិយោគនៅកម្ពុជា តាមរយៈបង្កើតរោងចក្រផលិតសំលៀកបំពាក់ស្ត្រី និងកុមារ

រូបភាព៖ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ លោក Mu Hsin Yuan ប្រធានក្រុមហ៊ុន Ju Wang Footwear Co., Ltd and Juhuiland Co.,Ltd បានគូសបញ្ជាក់ប្រាប់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. និង Ju Wang Footwear Co.,Ltd., ចាប់អារម្មណ៍​ ក្នុងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន លោក Mu Hsin Yuan បានវាយតម្លៃខ្ពស់​ ចំពោះការរីកចម្រើនលើគ្រប់វិស័យ នៅកម្ពុជា និងមានជំនឿជឿជាក់ថា ប្រទេសកម្ពុជានឹងបន្តអភិវឌ្ឍន៍ រីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

ប្រធានក្រុមហ៊ុនរូបនេះបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវបរិយាកាសវិនិយោគមួយប្រកបដោយស្ថិរភាព និងអនុគ្រោះ សម្រាប់វិនិយោគិន និងបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្ម របស់ក្រុមហ៊ុននៅកម្ពុជា។

ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍន៍ភាព របស់ក្រុមហ៊ុននៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍​ ក្នុងពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត តាមរយៈ ការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

ជាការឆ្លើយតប សម្ដេចបវរធិបតី បានសម្ដែងនូវការអបអរសាទរ ចំពោះជោគជ័យរបស់ក្រុមហ៊ុននៅ កម្ពុជា និងបានគូសបញ្ជាក់ថាវិស័យ វាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ហើយរាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងបានដាក់ចេញ នូវគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាល បានដាក់ចេញការលើកទឹកចិត្ត ចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាច​ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក សម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់​ផលិតកម្ម​។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងបើកចំហរកិច្ចពិភាក្សា​ ជាមួយវិស័យឯកជន សំដៅរួមគ្នាធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុន ទទួលបានជោគជ័យបន្ថែមទៀត ៕

To Top