ភ្នំពេញ ៖ សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានទទួលស្វាគមន៍ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសំណេះ សំណាល និងប្រគល់វិញ្ញាបនបត្រ បញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ជូនដល់សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំក្រសួង ព្រមទាំង គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និស្សិត-សិស្សនៃសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ប្រមាណ ១,៥០០នាក់។
លោក លី ណាវុឌ្ឍ អគ្គនាយករង ប៊ែលធី គ្រុប និងជាសាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា សាលា ប៊ែលធី អន្តរជាតិ និង សាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានទទួលនូវការទទួល ស្គាល់គុណភាពអប់រំ ពេញសិទ្ធិទាំងកម្រិតជាតិ និង អន្តរជាតិនេះ ចាប់តាំងពីឆ្នាំ២០១២ មកម្លេះ ក្នុងនោះ កម្រិតជាតិពីគណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដោយវិទ្យាស្ថានស្តង់ដាកម្ពុជា (ISC) និងកម្រិតអន្តរជាតិ ពីស្ថាប័នអន្តរជាតិ ACM (UKAS Management System) នៃចក្រភពអង់គ្លេស។ ហើយនេះជាលើកទី៣ ដែលសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទទួលបានវិញ្ញាបនបត្រ ISO សារជាថ្មីពីវិទ្យាស្ថានស្តង់ដាកម្ពុជា និងស្ថាប័នអន្តរជាតិ AXE-ISO (European Accrediation) ពីសហភាពអឺរ៉ុប ។
លើសពីនេះ សាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ជាគ្រឹះស្ថានអប់រំដំបូងគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាន នូវការទទួលស្គាល់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 (Quality Management System) ចំនួន ២ គឺស្ថាប័នជាតិ ពីវិទ្យាស្ថានស្តង់ដារកម្ពុជា និងអន្តរជាតិពីស្ថាប័ន ACMCERT Indochina Group (ACM, UK) ដោយបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន និងល្អប្រសើរលើប្រព័ន្ធគ្រប់គ្រងគុណភាព ISO នេះ តាមរយៈការគ្រប់គ្រងធនធានមនុស្ស ធនធានសិក្សា ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អគារសិក្សាផ្ទាល់ខ្លួន ជាពិសេសការផ្តល់សេវាអប់រំដ៏ល្អសម្រាប់អ្នកសិក្សា ចាប់ពីបឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងកម្មវិធីបណ្តុះបណ្តាល (ថ្នាក់បំប៉នចិត្ត-គរុកោសល្យ ថ្នាក់បំប៉ន ភាសា អង់គ្លេស កុំព្យូទ័រ បង្រៀនភាសាអង់គ្លេស បង្រៀនភាសាចិន កម្មវិធីអភិវឌ្ឍបញ្ញា IMA និងកម្មវិធីសិក្សាផ្សេងៗទៀត)។
ក្នុងឱកាសនោះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានកោតសរសើរ ប៊ែលធី គ្រុប ជាពិសេស សាលា ប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ដែលខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងរៀបចំកម្មវិធីសិក្សា ដែលមានលក្ខណៈស្តង់ដារ រហូតទទួលបាននូវការ ទទួលស្គាល់ ប្រព័ន្ធគ្រប់គ្រងគុណភាព ISO ពីស្ថាប័នជាតិ និងអន្តរជាតិ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារបច្ចុប្បន្ន និងអនាគត។
លោករដ្ឋមន្ត្រី ក៏បានឡើងអំពីតម្លៃនៃសន្តិភាព និងអរគុណសន្ដិភាពដែលនាំឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនរស់នៅដោយសេចក្តីសុខក្សេមក្សាន្ត តាមរយៈការដាក់ចេញ នូវនយោបាយឈ្នះ ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋានគ្រឹះនៃឯកភាពជាតិ ឯកភាពទឹកដី សន្តិភាពពេញលេញនៅកម្ពុជា ។ ទន្ទឹមគ្នានោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែលបានដាក់ ចេញ និងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមមាន ៖
-ការអភិវឌ្ឍមូលធនមនុស្ស
-ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង
-ការអភិវឌ្ឍវិស័យឯកជននិងការងារ
-ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល ដោយកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺមនុស្សជាអាទិភាពទី១ ហើយ ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាអាទិភាពបន្តបន្ទាប់ ។
ជាទីបញ្ចប់ លោករដ្ឋមន្រ្តី ក៏បានផ្តល់កិត្តិយសធ្វើជាសាក្សីក្នុងការប្រគល់វិញ្ញាបនបត្របញ្ជាក់ប្រព័ន្ធគ្រប់គ្រងគុណភាព ISO 9001:2015 ពីស្ថាប័នអន្តរជាតិ AXE-ISO (European Accrediation) នៃសហភាពអឺរ៉ុប និងវិទ្យាស្ថានស្តង់ដាកម្ពុជា ជូនសាលាប៊ែលធី អន្តរជាតិ និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ នាពេលនោះផងដែរ៕