ភ្នំពេញ ៖ លោក Yuan Zhongxue ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group បង្ហាញបំណងពង្រីការវិនិយោគនៅកម្ពុជា លេីការកែច្នៃផលិតផលកៅស៊ូ ដើម្បីពង្រឹងសមត្ថភាព ផលិតកម្មរបស់ខ្លួន នៅក្នុងតំបន់ ។
នេះជាការគូសបញ្ជាក់ របស់ប្រធានកិត្តិយសក្រុមហ៊ុន Sailun Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលរសៀល ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នាឱកាសនៃការ អញ្ជើញចូលរួម កិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ ពីថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបនេះ លោកប្រធានកិត្តិយស Yuan Zhongxue បានគោរព ជម្រាបជូនសម្ដេចបវរធិបតី អំពីប្រតិបត្តិការអាជីវកម្ម របស់ក្រុមហ៊ុន នៅតាមបណ្ដាប្រទេសមួយចំនួន និងវឌ្ឍនភាពនៃការវិនិយោគ ក៏ដូចជាកិច្ចសហការរបស់ក្រុមហ៊ុន ជាមួយនឹងស្ថានប័នមួយចំនួន របស់ព្រះរាជាណាចក្រកម្ពុជាផងដែរ។
ទន្ទឹមនឹងនោះ លោកប្រធានកិត្តិយសក្រុមហ៊ុន ក៏បានគូសបញ្ជាក់អំពីគោលបំណង របស់ក្រុមហ៊ុន ក្នុងការពង្រីកការ វិនិយោគ របស់ខ្លួន នៅក្នុងព្រះរាជាណាក្រកម្ពុជា ដោយផ្ដោតទៅលើ (១). ការកែច្នៃផលិតផលកៅស៊ូ ដើម្បីផលិតចេញ ជាផលិតផលផ្សេងៗ ដែលមានដូចជាសំបកកង់ រថយន្តជាដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបម្រើដល់ការនាំចេញ ទៅកាន់ទីផ្សារអន្តរជាតិ, និង (២). ការបង្កើតសួនឧស្សាហកម្មសម្រាប់ ខ្សែ ច្រវាក់ ផលិតកម្ម នៃ ឧស្សាហកម្ម កែច្នៃ កៅស៊ូ ក៏ដូចជាសមត្ថភាពផលិតរបស់ក្រុមហ៊ុន នៅក្នុងតំបន់ផងដែរ។
ជាការឆ្លើយតប សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការអបអរសាទរ ចំពោះភាពជោគជ័យ របស់ក្រុមហ៊ុននៅក្នុងទីផ្សារពិភពលោក ក៏ដូចជាការរីកចម្រើនរបស់ក្រុមហ៊ុន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
សម្ដេចបវរធិបតី ក៏បានសម្ដែងនូវការស្វាគមន៍ និងគាំទ្រចំពោះបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការបង្កើតឱ្យមាន នូវប្រព័ន្ធអេកូស៊ីស្ទឹមពេញលេញនៅក្នុងការផលិតសំបកកង់រថយន្ត នៅក្នុង សួន ឧស្សាហកម្ម នេះ គឺជាចំណុចមួយដ៏ល្អ ដែលស្របទៅ នឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល នៅក្នុងការលើកទឹកចិត្ត ដល់បណ្ដាក្រុមហ៊ុន វិនិយោគ នៅក្នុងប្រទេសកម្ពុជា ឱ្យគិតគូរទៅដល់ការបង្កើត នូវខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ក៏ដូជាទីផ្សារអន្តរជាតិផងដែរ។
សម្ដេចធិបតី បានលើកទឹកចិត្ត ឱ្យក្រុមហ៊ុន បន្តសហការ និងពិភាក្សាបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័ន ពាក់ព័ន្ធ របស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយគោលបំណងពង្រីកការវិនិយោគនេះ ឱ្យទៅជាសកម្មភាព ជាក់ស្ដែងផងដែរ ៕