ភ្នំពេញ ៖ ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ តាមរយៈមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលក្រុងពោធិ៍សាត់ បានរៀបចំយុទ្ធនាការបណ្តុះផ្នត់គំនិតស្អាត «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដោយមានមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ចេញរើសសំរាម សំណល់ប្លាស្ទិកព្រមគ្នា នៅតាមផ្លូវទាំងអស់ ក្នុងក្រុងពោធិ៍សាត់ នៅថ្ងៃពុធ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤។
ព្រឹត្តិការណ៍នេះ បានបង្ហាញពីការចូលរួមសាមគ្គីគ្នា ដើម្បីមូលដ្ឋានស្អាត ទីក្រុង ទីប្រជុំជនស្អាត ជាពិសេសសារៈសំខាន់ នៃការគ្រប់គ្រងសំរាមប្រកបដោយនិរន្តរភាព ឆ្ពោះទៅកម្ពុជាមានភាពស្អាត នៅក្នុងប្រទេស និងលើឆាកអន្តរជាតិ។
លោក កេង ចាន់ធឿន អភិបាលរងក្រុងពោធិ៍សាត់ បានលើកឡើងពីការជំរុញការផ្សព្វផ្សាយនិងអនុវត្តយ៉ាងទូលំទូលាយនៃ យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” ក្នុងចំណោមសិស្សានុសិស្សនៅតាមសង្កាត់ទាំង៧នៅក្នុងក្រុងពោធិ៍សាត់។ លោកបានប្តេជ្ញាជំរុញយុទ្ធនាការឆ្ពោះទៅរកទីក្រុងស្អាត ដោយលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន ថែរក្សាបរិស្ថានស្អាត និងគ្រប់គ្រងកាកសំណល់ ប្រកបដោយការទទួលខុសត្រូវ។
លោក សឿង សារឿន នាយកប្រតិបត្តិនៃ និងវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGO Forum ដែលបានសហការរៀបចំការផ្សព្វផ្សាយនៅក្នុងថ្ងៃនេះ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រសួងបរិស្ថាន ក្នុងការរក្សាកម្ពុជាឱ្យស្អាត និងបានអំពាវនាវ ឱ្យមានការចូលរួមបន្ថែមទៀត ក្នុងគោលបំណងកាត់ បន្ថយការប្រើប្រាស់ ប្លាស្ទិកក្នុងជីវិតប្រចាំថ្ងៃ។ លោក បានបន្តថា «យើងត្រូវការភាពស្អាតក្នុងចិត្តរបស់យើង ក៏ដូចជានៅជុំវិញខ្លួនយើងដែរ។ ដូចនេះត្រូវចាប់ផ្តើម ដោយការប្តេជ្ញាចិត្តរបស់បុគ្គលម្នាក់ៗ។
លោក សាយ សុជាតិ អភិបាលរងខេត្តពោធិ៍សាត់ បានសំដែងការគាំទ្រយ៉ាងមុតមាំ ចំពោះយុទ្ធនាការនេះ ហើយប្តេជ្ញាធ្វើឲ្យវាទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់។ លោក បានបន្ថែមថា យុទ្ធនាការបានចូលរួមកែប្រែ ឥរិយាបថសាធារណជន ឱ្យមានអនាម័យតាមភូមិដ្ឋាន ទីក្រុងស្អាត ព្រមទាំងមានការគ្រប់គ្រងទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវជាបណ្តើរៗ ។ លោក បានអះអាងថា យុទ្ធនាការនេះ អាចជោគជ័យបាន នៅក្នុងពេលអនាគត លុះត្រាតែមានការចូលរួមពីគ្រប់ស្ថាប័ន និងសហគមន៍។
កន្លងមកសិស្សានុសិស្សប្រមាណ៣,៧លាននាក់ បានដើរតួយ៉ាងសកម្មនៅក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ក្រសួងបរិស្ថាន ដែលមានអ្នកចូលរួមសរុប៩,៧នាក់។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានបង្ហាញថាយុទ្ធនាការជាជំហានៗ ពីយុទ្ធនាការនៃការប្តេជ្ញាចិត្ត មកជាការអនុវត្តសកម្មភាព ការប្រមូលទុកដាក់ សំរាម សំណល់ប្លាស្ទិក ដែលមានយុទ្ធនាការ«កម្ពុជាស្ងាត ខ្មែរធ្វើបាន» ដែលមានអ្នកចូលរួម ប្រមាណជាង៣លាននាក់រួចមកហើយ បន្ទាប់មកបន្តជំរុញ ឱ្យសកម្មភាព នៃយុទ្ធនាការក្លាយទៅជាចលនា ឆ្ពោះទៅប្រជាជនកម្ពុជាមានទម្លាប់រស់នៅស្អាត។
លោក លីង ជាមីង សិស្សថ្នាក់ទី១១ នៃវិទ្យាល័យហ៊ុនសែនពោធិ៍សាត់ បានសម្តែងការសាទរចំពោះការចូលរួម ក្នុងបុព្វហេតុបរិស្ថាន និងមានប្តេជ្ញាចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយថែរក្សាសាលាឱ្យស្អាត ។ មិត្តរួមថ្នាក់របស់គាត់ កញ្ញា សឹស ចាន់ដា បានចាត់ទុកថាយុទ្ធនាការនេះ ជាគំរូល្អសម្រាប់ ប្រជាជនក្នុងការអនុវត្តតាម» ជាពិសេសការព្រួយបារម្ភអំពីបរិស្ថាន និងហានិភ័យសុខភាព ដែលបង្ករឡើងដោយសំណល់ប្លាស្ទិក។ “ខ្ញុំនឹងផ្សព្វផ្សាយទៅកាន់មិត្តភ័ក្តិ សិស្សរួមថ្នាក់ និងគ្រួសាររបស់ខ្ញុំ ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ ប្លាស្ទិកចាប់ពីថ្ងៃនេះតទៅ” ។ កញ្ញា សឹស ចាន់ដា បានបន្ថែមក្នុងពេល កំពុងដើរើសសំរាម ។
សូមបញ្ជាក់ថា កម្ពុជាផលិតកាកសំណល់ចំនួន២លានតោនក្នុងមួយឆ្នាំ ក្នុងនោះមានប្លាស្ទិក ចំនួនប្រមាណ២០%»។ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បានសំណូមពរឱ្យមានចូលរួម យុទ្ធនាការ«កម្ពុជាស្ងាត ខ្មែរធ្វើបាន» ដោយចំណាយពេលត្រឹមតែ ១៥នាទីរៀង រាល់ថ្ងៃសៅរ៍ ឬថ្ងៃណាមួយក្នុង១សប្តាហ៍ ដើម្បីចេញរើសសំរាមប្រមូល ទុកដាក់សំណល់ ប្លាស្ទិកសំអាតមូលដ្ឋាន តាមដងផ្លូវនិងទីសារធារណៈនានាឱ្យមានភាពស្អាត ។ «យើងត្រូវតែធ្វើការ ជាមួយគ្នា ដើម្បីរក្សាផ្ទះ សាលារៀន សហគមន៍ និងប្រទេសឲ្យស្អាត»៕