ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា បញ្ចប់ការជួសជុល ខ្លោងទ្វារខាងកើត ប្រាសាទប្រែរូប ផ្នែកខាងជើង

ភ្នំពេញ ៖ ក្រុមការងារអាជ្ញាធរជាតិអប្សរា បន្តជួសជុលខ្លោងទ្វារជើង ផ្នែកខាងកើត របស់ប្រាសាទប្រែរូប ដំណាក់កាលទី២ សម្រេចបានប្រមាណ ៩០ភាគរយ ។ ការងារជួសជុលនេះ ដំណើរការតាំងពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៤ នឹងបញ្ចប់នៅខែវិច្ឆកា ឆ្នាំ២០២៤ នេះ ។ នេះបើតាមហ្វេសប៊ុក អជ្ញាធរជាតិអប្សរា ។

លោក សូរ ប៉ោត បុរាណវិទូ និងគ្រប់គ្រងការដ្ឋាន ជួសជុលប្រាសាទប្រែរូប ឱ្យដឹងថា ស្ថានភាពនៃខ្លោងទ្វារ ខាងជើងផ្នែកខាងកើត របស់ប្រាសាទប្រែរូប បានខូចខាត និងមានហានិភ័យ ដល់សំណង់ ព្រមទាំងភ្ញៀវទេសចរ មិនអាចដើរឆ្លងកាត់ ។ ដើម្បីសង្គ្រោះខ្លោងទ្វារនេះ ឱ្យរឹងមាំឡើងវិញ ក្រុមការងារជួសជុលពង្រឹង ផ្នែកខាងក្នុង នៃស្លាបខាងជើង ផ្នែកខាងក្រៅផ្នែកខាងលិច និងផ្នែកខាងកើត ព្រមទាំងជួសជុលពង្រឹងរចនាសម្ព័ន្ធឥដ្ឋ ដែលខូចខាតធ្ងន់ធ្ងរ គ្មានស្ថិរភាពនៅផ្នែកខាងលើនៃតួខ្លោងទ្វារ។ បិទបំពេញស្នាមប្រេះហែកការពារជម្រាបទឹក និងបន្ថែមរចនាសម្ព័ន្ធមួយចំនួន សម្រាប់ភាពរឹងមាំយូអង្វែង ដល់រចនាសម្ព័ន្ធខ្លោងទ្វារទាំងមូល។

ផ្ទាំងពាណិជ្ជកម្ម

លោក សូរ ប៉ោត បញ្ជាក់ថា «ការងារជួសជុលខ្លោងទ្វារ ខាងកើតប្រាសាទប្រែរូប ផ្នែកខាងជើង រួចរាល់ គឺរចនាសម្ព័ន្ធ នៃសំណង់ខ្លោងទ្វារទាំងមូល នឹងមានភាពរឹងមាំឡើងវិញ មានសុវត្ថិភាពទាំងខ្លោងទ្វារ ហើយភ្ញៀវទេសចរ ក៏អាចដើរចេញ ចូលទស្សនាតាមខ្លោងទ្វារ ទិសខាងកើតដ៏សំខាន់នេះដោយសុវត្ថិភាព» ។

អ្នកជំនាញបុរាណវិទូរូបនេះ លើកឡើងថា ការខូចខាតនៃរចនាសម្ព័ន្ធប្រាសាទប្រែរូប បណ្តាលមកពីការកង្វះការ ថែទាំយូរអង្វែង មានដើមឈើនិងស្មៅដុះចាក់ឬស កំណកដី និងបណ្ដាលពីអាយុកាលនៃសម្ភារសំណង់ អាកាសធាតុ ពិសេសទឹកភ្លៀងហូរជ្រាបចូលក្នុងប្រាសាទ ដែលធ្វើឱ្យរចនាសម្ព័ន្ធចុះខ្សោយ ថ្មប្រាសាទងាយនឹងពុកផុយ។ កន្លងមកនៅប្រាសាទប្រែរូបក៏ធ្លាប់មានការជួសជុលនៅសម័យបារាំង និងក្រោយមកទៀត មានប្រទេសអ៊ីតាលីផង ៕

To Top