ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ កម្ពុជា បាននាំចេញអង្ករ ចំនួន៥០៧ ០២៩ តោន គិតជាទឹកប្រាក់បាន ចំនួន៣៧៦.៦៣លានដុល្លារសហរដ្ឋអាមេរិក។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឱ្យដឹងថា «ក្នុងរយៈពេល ១០ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥០៧ ០២៩តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦»។
ក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៥៤ ៩៤៥ តោន គិតជាទឹកប្រាក់ចំនួន ១៩៦.៩៣ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ៩៣ ១៩៧ តោន គិតជាទឹកប្រាក់ចំនួន ៦១.៤៨ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន ៧ប្រទេសបានបរិមាណ ចំនួន ១០០ ៩៩៦ តោន គិតជាទឹកប្រាក់ចំនួន ៦៦.៦១ លានដុល្លារសហរដ្ឋអាមេរិក និងទៅកាន់ គោលដៅ ៣០ ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន ។ល។ បានចំនួន ៥៧ ៨៩១ តោន គិតជាទឹកប្រាក់ចំនួន ៥១.៦១ លានដុល្លារសហរដ្ឋអាមេរិក។
ចំពោះប្រភេទអង្ករ បាននាំចេញអង្ករក្រអូបចំនួន ៧៣.២១% ប្រភេទអង្ករស ធម្មតា ២១.៧១% អង្ករចំហ៊ុយ ៣.០៤% អង្ករសរីរាង្គចំនួន ១.៧៤% និងអង្ករផ្សេងៗចំនួន ០.៣០% ។
ប្រទេសកម្ពុជាក៏បាននាំចេញស្រូវចំនួន ៤ ០៣៦ ៣៣៦ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប៉ាន់ប្រមាណ ១ ១៨៤.១៦ លានដុល្លារ សហរដ្ឋអាមេរិក ដែលក្នុងនោះ ៨៦% បាននាំចេញដោយឆ្លងកាត់ការ ស្នើសុំការបញ្ជាក់ ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕