ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាពអេដស៍ (AHF) មានមោទនភាព ក្នុងការប្រារព្ធទិវាក្មេងស្រីអន្តរជាតិ (IDG) ឆ្នាំ២០២៤ ជាមួយនឹងព្រឹត្តិការណ៍ពិសេសមួយ នៅវិទ្យាល័យទួលសារ៉ាម នាថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបង្កើនសម្លេង និងចក្ខុវិស័យរបស់ក្មេងស្រី និង យុវនារី ខណៈពេលស្វែងរកការគាំទ្រ និងគោលនយោបាយ សម្រាប់ការអប់រំសុខភាព បន្តពូជគ្រប់ជ្រុងជ្រោយឲ្យបានទូលំទូលាយ ។
ការស្វែងរកការគាំទ្រ និងដំណោះស្រាយការគ្រប់គ្រង សុខភាពពេលមករដូវ និង ការអប់រំសុខភាពបន្តពូជ ដែលសមស្រប តាមវ័យ និង ពង្រឹងសារៈសំខាន់ នៃក្មេងស្រីដែលកំពុង ចូលរៀនចៀស វាងការមានផ្ទៃពោះ ដោយមិនបានគ្រោងទុក ការកសាងជំនាញជីវិត និងបញ្ហាសំខាន់ៗផ្សេងទៀត ដែលប៉ះពាល់ដល់សុខភាពរបស់ពួកគេ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទសស្តីទី អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា មានប្រសាសន៍ថា «ការអប់រំសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងជាពិសេសការផ្តល់ការអប់រំសុខភាពពេលមករដូវ ដែលអាចជួយក្មេងស្រីមិនជួបផលវិបាកនៅពេលសិក្សា និងអាចជួយឲ្យក្មេងស្រីមានដំណើរជីវិតល្អប្រសើរ»។
ក្មេងស្រី និងស្ត្រីវ័យក្មេងនៅទូទាំងពិភពលោកប្រឈមមុខនឹងឧបសគ្គជាច្រើន ចំពោះការទទួលការអប់រំ ការងារ និងការថែទាំសុខភាព។ យោងតាមអង្គការ យូនីសេហ្វ បានបង្ហាញឲ្យឃើញថា ៧៥% នៃការឆ្លងមេរោគអេដស៍ថ្មី ក្នុងចំណោមក្មេងស្រីវ័យជំទង់។ហើយប្រហែលក្មេងស្រី១ ក្នុងចំណោម៤នាក់ ដែលមានដៃគូ ឬរៀបការ បានជួបប្រទះការរំលោភបំពានផ្លូវភេទ ឬរាងកាយ។
ព្រឹត្តិការណ៍ ទិវាក្មេងស្រីអន្តរជាតិ លើកកម្ពស់ ការអប់រំផ្លូវបន្តពូជដ៏ទូលំទូលាយ និងសមភាពយេនឌ័រ លើកកម្ពស់ការ យល់ដឹង និងជួយក្មេងស្រីឱ្យរស់នៅមានសុខភាពល្អ និងផ្តល់សិទ្ធិ គ្រប់គ្រងជីវិតរបស់ពួកគាត់។
លោកវេជ្ជបណ្ឌិត បានថ្លែងអំណរគុណ ចំពោះកិច្ចសហការជាមួយមន្ទីរអប់រំយុវជន និងកីឡា នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមការងារ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ប្រទេសកម្ពុជា ក្នុងការរៀបចំទិវាសុខភាព ពេលមានរដូវ បានជោគជ័យ។
សូមបញ្ជាក់ថា ដើម្បីលើកកម្ពស់ សុខភាព និងសុខុមាលភាពរបស់ក្មេងស្រី នៅបណ្តាប្រទេស ដែលអង្គការមូលនិធិថែទាំ សុខភាពអ្នកជំងឺអេដស៍ ធ្វើការងារ បានសម្ភាធដំណើរ ការកម្មវិធី Girls Act ជាកម្មវិធីក្មេងស្រី ដែលទទួលបានជោគជ័យ នៅក្នុងទ្វីបអាហ្រ្វិក ក្នុងឆ្នាំ ២០១៦ ។ ចាប់តាំងពីពេលនោះមកកម្មវិធីនេះបានពង្រីកទៅជិត៤០ នៅតាមបណ្តាប្រទេស នៅទូទាំងទ្វីបអាហ្រ្វិក អាមេរិក អាស៊ី និងអឺរ៉ុប៕