ព័ត៌មានជាតិ

ព្រឹកស្អែករដ្ឋសភា នឹងបើកសម័យប្រជុំពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម

ភ្នំពេញ ៖ បើគ្មានអ្វីប្រែប្រួលទេនោះ នៅព្រឹកថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ រដ្ឋសភាកម្ពុជា នឹងបើកសម័យប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀង ស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម។

ការកំណត់សម័យប្រជុំពេញអង្គ របស់រដ្ឋសភានេះ បន្ទាប់ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គណៈកម្មាធិការ អចិន្ត្រៃយ៍ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ។

អង្គប្រជុំបានអនុម័ត កំណត់កាលបរិច្ឆេទ បន្តសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានរបៀបវារៈមាន៖ការសម្រេចអំពីសុពលភាព នៃអាណត្តិរបស់លោកជស្រីយស ថានារី ជាតំណាងរាស្ត្រមណ្ឌល ខេត្តកំពង់ធំ ជំនួស លោក ជា ចាន់តូ ដែលបានទទួលមរណភាព ។
និងពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោល កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្ម តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម ៕

To Top