ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។
ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាស នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៅសាលប្រជុំរាជធានីភ្នំពេញ នៃទីស្តីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនូវការលាបពណ៌ពីមជ្ឈដ្ឋាននានា ធ្វើឲ្យជះឥទ្ធិពលមិនល្អដល់វិស័យផ្សេងៗ ពិសេសការវិនិយោគ និងទេសចរណ៍។
ទន្ទឹមនេះ នាយឧត្តមសេនីយ៍ ក៏បានដាក់បទបញ្ជាដល់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត។ ក្នុងករណីទទួលបានពាក្យបណ្ដឹង ឬប្រភពព័ត៌មានណាមួយសង្ស័យពាក់ព័ន្ធបទល្មើស ត្រូវតែបើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ពិសេសបទល្មើសធ្វើទារុណកម្ម ឬការចាប់បង្ខាំងផ្សេងៗ ដែលបទល្មើសនេះជាចំណុចរសើប ដូច្នេះត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា។
នាយឧត្តមសេនីយ៍ ស ថេត សង្កត់ធ្ងន់ថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ គឺជាកត្តាសំខាន់បំផុត ព្រោះបើប្រទេសមួយរងនូវការផ្សព្វផ្សាយមិនល្អហើយនោះ ច្បាស់ណាស់នឹងជះឥទ្ធិពលដល់វិស័យផ្សេងៗទាំងអស់ ពិសេសអ្នកវិនិយោគ និងទេសចរណ៍ជាដើម។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលផ្ដល់កិច្ចសហការល្អកន្លងមក ដើម្បីរួមគ្នាឈានទៅការបង្ក្រាបបទល្មើសទាំងអស់នោះបានជោគជ័យ៕