ភ្នំពេញ៖ ក្នុងកិច្ចប្រជុំកំពូលយុទ្ធសាស្ដ្រ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី១០ នៅប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បណ្តាប្រទេសអេកម៉ិកគួរតែកំណត់យកចក្ខុវិស័យប្រកបដោយមហិច្ឆតាមួយ ដើម្បីធ្វើសហថាមពលផលិតកម្មស្បៀងតំបន់ ឱ្យក្លាយជាមជ្ឈមណ្ឌលនាំចេញស្បៀងដ៏ធំបំផុតរបស់ពិភពលោក។
នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស ស្ដីពី លទ្ធផល នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ដែលសម្តេចធិបតី បានអញ្ជើញចូលរួម នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃ៦-៧ វិច្ឆិកា ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា «បណ្តាប្រទេសអេកម៉ិកគួរតែកំណត់យកនូវ ចក្ខុវិស័យប្រកបដោយមហិច្ឆតាមួយ ដើម្បីធ្វើសហថាមពលផលិតកម្មស្បៀងតំបន់ឱ្យក្លាយជា មជ្ឈមណ្ឌលនាំចេញស្បៀងដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសនៅក្នុងដំណាក់កាលដែលមានរាងក្មេកម្ពុជា ការរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ពិភពលោក និងការកើនឡើងនៃតម្លៃទំនិញនាពេលថ្មីៗនេះ»។
សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យមានការ ប្រាស្រ័យទាក់ទងសកម្មបន្ថែមទៀតជាមួយ ដៃគូអភិវឌ្ឍន៍នានា និងការបង្កើតនូវមូលនិធិអភិវឌ្ឍន៍អេកម៉ិកឱ្យបានឆាប់ ដើម្បីជួយគាំទ្រដល់គម្រោងអាទិភាពជាច្រើនរបស់អេកម៉ិកដែលត្រូវការហិរញ្ញប្បទានជាចាំបាច់។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំអេកម៉ិក បានបញ្ចប់កិច្ចប្រជុំកំពូលអេកម៉ិកលើកទី១០ ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងវៀងចន្ទន៍ និងបានសម្រេចដាក់ឯកសារ ទស្សនទានស្តីពីការគ្រប់គ្រង ធនធានទឹកក្នុងអនុតំបន់មេគង្គ ទៅក្នុងឧបសម្ព័ន្ធផែនការមេអេកម៉ិកឆ្នាំ២០១៩-២០២៣ និងអនុម័តការដាក់បញ្ចូលប្រទេសណូវែលសេឡង់ទៅក្នុងក្រុមទីពីរ នៃដៃគូអភិវឌ្ឍន៍របស់អេកម៉ិក៕